ព័ត៌មានទាន់ហេតុការណ៍៖

ចាប់មេតុងទីនដ៏ស្រស់ផូរផង់ម្នាក់ទៀតហើយបញ្ជូនទៅតុលាការ ករណីចេញសែកស្អុយប្រមាណ២០ម៉ឺនដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ ៖ មេតុងទីនដ៏ស្រស់ផូរផង់ម្នាក់ទៀតហើយត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការកាលពីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពោលគឺប្រើប្រាស់សែកស្អុយចំនួន២០ម៉ឺនដុល្លារអាមេរិក ។

ជនសង្ស័យឈ្មោះ លី គន្ធា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ២៨៩ ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ ការឃាត់ខ្លួនស្រ្តីមេតុងទីនខាងលើនេះ គឺជាការធ្វើឡើងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងទៅលើពាក្យបណ្តឹងរបស់កូនតុងទីនម្នាក់ក្នុងចំណោមកូនតុងទីនរាប់រយនាក់ ដែលនៅចាំកើបលុយក្រោយគេដូច”កើបខ្យល់” ។ 

តាមពាក្យបណ្តឹងបានបញ្ជាក់ថា នៅក្នុងអំឡុងឆ្នាំ២០២២ ជនសង្ស័យឈ្មោះ លី គន្ធា បានដើរប្រមែប្រមូលកៀរគររអាជីវករលក់ដូរ និងមនុស្សរាប់អានគ្នារាប់រយនាក់ចូលលេងតុងទីនជាមួយ ដោយខ្លួនជាអ្នកធ្វើមេ ។ 

តុងទីនមាន៣ខ្សែ៖

-ខ្សែទី១ ចាប់លេងក្បាល៣០ដុល្លារ មានសមាជិកចំនួន ១៣២នាក់ “មេខ្លួនឯង២០ឈ្មោះ” ដេញរាល់ថ្ងៃ ។

-ខ្សែទី២ ចាប់លេងក្បាល៣០ដុល្លារ មានសមាជិកចំនួន ៨៨ នាក់ “មេខ្លួនឯង៤០ឈ្មោះ” ដេញរាល់ថ្ងៃ ។

-ខ្សែទី៣ ចាប់លេងក្បាល៥០ដុល្លារ មានសមាជិកចំនួន ៨១ នាក់ “មេខ្លួនឯង៩ឈ្មោះ” ដេញរាល់ថ្ងៃ ។ ចំណែកជនសង្ស័យជាមេតុងទីនក៏បានទទួលដែរថា ដើមបណ្តឹងចុងក្រោយដែលចាំកើបលុយនោះ បានលេងជាមួយខ្លួន”ធ្វើមេ”មានក្បាល៣០ ក្បាល៥០ ក្បាល១០០ ក្បាល២០០ ក្បាល៣០០ និងក្បាល៥០០ដុល្លារអាមេរិក ប៉ុន្តែបានដេញយកលុយខ្លះហើយ ហើយនៅសល់ប៉ុន្មានក្បាលទៀត សរុបជាទឹកប្រាក់ប្រហែល ២៦០ ០០០ ដុល្លារអាមេរិក (ម្ភៃប្រាំមួយម៉ឺន) ទុកកើបចុងក្រោយ តែ ទីបំផុតបានត្រឹមកាន់សែកស្អុយ ដើរជូតទឹកភ្នែក ។ 

ជនសង្ស័យកំពង់ស្ថិតនៅដំណាក់កាល ស្ថាប័នអយ្យការបើកការស៊ើបសួរ តែបើតាមប្រភពព័ត៌មានបានឱ្យដឹងថា មេតុងទីនដ៏ស្រស់ផូរផង់ខាងលើនេះ ទំនងមិនអាចគេចផុតពីការឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ននោះឡើយ ព្រោះពេលនេះសូម្បីរកប្រាក់ដើម្បីដាក់តម្កល់ធានាខ្លួនក៏គ្មានដែរ កូនតុងទីនបោកតៗគ្នាអស់រីងរៃពីខ្លួនទៅហើយ ដូច្នោះមានតែដេកផ្សងព្រេងតាមវាសនារៀងៗខ្លួនទៅ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖