សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា ភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរបានកើតមានលើផ្នែកខ្លះ នៃភាគនិរតីប្រទេសចិននៅថ្ងៃសុក្រនេះ បង្កឱ្យមានទឹកជំនន់នៅក្នុងទីក្រុងមួយចំនួន ដោយផ្លូវថ្នល់និងអគារត្រូវលិចដោយជំនន់ទឹកភ្លៀង។
រដ្ឋបាលឧតុនិយមចិនឱ្យដឹងថា ភ្លៀងខ្លាំងលើកដំបូងក្នុងរដូវក្ដៅ បានធ្លាក់មកលើទីក្រុងប៉ីហៃ (Beihai) នៃខេត្តក្វាងស៉ី Guangxi កម្រិត ៤៥៣មិលី្លម៉ែត្រ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលជាកំណត់ត្រាថ្មីប្រចាំថ្ងៃនៅក្នុងតំបន់សម្រាប់ខែមិថុនា។ វីដេអូផ្សព្វផ្សាយនៅលើបណ្តាញសង្គម បង្ហាញឱ្យឃើញរថយន្តនានាជាប់គាំងនៅពាក់កណ្តាលផ្លូវ ចំណែកអគារច្រើនជាន់មួយកន្លែង បានរងនូវការជន់លិច។
បណ្តាញទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា ទីក្រុងយូលីន (Yulin) ដែលស្ថិតនៅក្បែរនោះក៏មានភ្លៀងធ្លាក់រយៈពេល៣៥ម៉ោងមកហើយ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់)។ ការិយាល័យឧតុនិយម បានព្យាករថា ភ្លៀងនឹងបន្តធ្លាក់លើតំបន់ភាគខាងត្បូងប្រទេសចិន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត ខណៈដែលភាគឦសានក៏ត្រូវបានគេរំពឹងថា នឹងរងការវាយប្រហារដោយព្យុះ ផ្គររន្ទះភ្លាមៗផងដែរ។
ប្រទេសចិនដែលងាយនឹងមានគ្រោះទឹកជំនន់ កំពុងព្រមានអំពីគ្រោះមហន្តរាយផ្នែកអាកាសធាតុខ្លាំងជាងមុន ដោយសារកត្តាប្រែប្រួលអាកាសធាតុ។ នៅក្នុងខែឧសភា ខេត្តក្វាងស៉ី បានជួបប្រទះគ្រោះរាំងស្ងួតដ៏កម្រ ដោយទឹកភ្លៀងបានធ្លាក់ចុះ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៦០ឆ្នាំ។ ដោយឡែក ខេត្តហឺណាន ភាគកណ្តាលនៃប្រទេសចិន នាពេលថ្មីៗនេះ ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឲ្យពន្លកដំណាំដាំដុះរងការវាយប្រហារ បង្កការព្រួយបារម្ភដល់សន្តិសុខស្បៀង៕
ដោយ៖ ធីរីណា