ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នឹងបន្តអញ្ជើញចុះជួបកម្មករ កម្មការិនីជាង ១ម៉ឺន ៦ពាន់នាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល

ចែករំលែក៖

ខេត្តកណ្ដាល​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ នៅព្រឹកថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ​ នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៦,២៧២នាក់ មកពីរោងចក្រសហគ្រាសចំនួន១២ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ​ដឹងថា រោងចក្រ សហគ្រាសទាំង១២ ដែលអនុញ្ញាត​ឱ្យ​កម្មករ កម្មការិនីជួបសំណេះសំណាលនឹងសម្តេចតេជោនេះ ជាប្រភេទរោង​ចក្រកាត់​ដេរ​សម្លៀកបំពាក់​ចំនួន៧, ផលិតស្បែកជើងចំនួន២, ប៉ាក់ព្រីនសម្លៀកបំពាក់ចំនួន២ និងផលិតផលធ្វើដំណើរ និងកាបូបចំនួន១។ ផលិត​ផលរបស់​រោងចក្រ​ទាំង​នេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេស​កាណាដា ប្រទេសជប៉ុន។ល។

ខេត្តកណ្តាល គឺជាខេត្តមួយ ដែលកំពុងទទួលនូវមនុញ្ញផលពីគោលនយោបាយ ពង្រាយរោងចក្រ សហគ្រាសតាមបណ្តាខេត្តពីរាជរដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ ខេត្តកណ្តាល មានរោងចក្រ សហគ្រាសចំនួន៤៨៣ មានកម្មករ​និយោ​ជិតជាង ១៥ម៉ឺន​នាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់​ដេរ​ចំនួន១៧១ មានកម្មករនិយោជិត​សរុបជាង ១៣ម៉ឺន ២ពាន់នាក់។ ខេត្តកណ្តាល ជាខេត្តទី៣ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន។

គេហទំព័រ Facebook , បណ្តាញ Telegram និង YouTube សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះ នៅម៉ោង 7:00 ព្រឹក៕

ដោយ​៖សហការី​


ចែករំលែក៖