ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះលោក វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីជួប សំណេះសំណាល ជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីសរុបចំនួន ២ ៨២៨នាក់ មកពីឃុំកោះរកា និងឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីជាអនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកំពង់សៀម លោក លោកស្រីជាប្រធាន អនុប្រធាន និងសមាជិក ក្រុមការងារចុះមូលដ្ឋានឃុំ-ភូមិ និងអាជ្ញាធរមូលដ្ឋានផងដែរ។
ក្នុងពិធីដ៏មានសារៈសំខាន់នាព្រឹកនេះ លោក វេង សុខុន បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្តេចអគ្គ មហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលសម្តេចទាំងទ្វេតែងតែគិតគូរ និងបារម្ភអំពីជីវភាព និងស្ថានភាព រស់នៅរបស់ ប្រជាពលរដ្ឋយើងគ្រប់ៗរូប។
លោក វេង សុខុន ក៏បានស្វាគមន៍ និងបានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូន ក្នុងការចូលរួមជា សមាជិកគណបក្សប្រជាជនកម្ពុជាថ្មីទាំង ២៨២៨រូប ដោយបងប្អូនបានសំឡឹងមើលឃើញ និងបានយល់ ដឹងច្បាស់ ពីការយកចិត្តទុកដាក់ និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ប្រធានគណបក្សក្នុងបុព្វហេតុ ស្វែងរក សុខសន្តិភាព និងការអភិវឌ្ឍជូនជាតិ និងប្រជាជនយើង។ សម្តេចតេជោ បានប្រែក្លាយប្រទេសយើង ពីប្រទេសដែល មានភ្លើងសង្គ្រាមពេញផ្ទៃប្រទេស ការកាប់សម្លាប់ដោយមិនញញើតដៃ ការបំផ្លិចបំផ្លាញ ការជម្លៀសប្រជាជន ចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងបង្ខំឱ្យធ្វើការដូចសត្វធាតុ គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានថ្នាំសង្កូវព្យា បាល គ្មានសិទ្ធិរស់រានមានជីវិ មកជាប្រទេសដែលមានសុខសន្តិភាព ស្ថិរភាពសេដ្ឋកិច្ចនិងសង្គម សុវត្ថិភាពស្បៀង អាហារជូនប្រជាជនយើង មានការអភិវឌ្ឍលើគ្រប់វិស័យ និងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធឥត ឈប់ឈរដូចជា ផ្លូវថ្នល់ ផ្លូវល្បឿនលឿនជាច្រើនខ្សែជាបន្តបន្ទាប់ ស្ពាន កំពង់ផែទឹកជ្រៅ ព្រែកជីកតភ្ជាប់ទន្លេមេគង្គ និងផ្លូវសមុទ្រ ព្រលានយន្តហោះខ្នាតអន្តរជាតិ អគ្គិសនី ទឹកស្អាត សាលារៀន មន្ទីរពេទ្យ វត្តអារាម និងវិហារជាដើម។
កិច្ចគាំពារសង្គម ក៏ជាការងារសំខាន់ដែលសម្តេចតេជោ ប្រធានគណបក្សបានដឹកនាំយ៉ាងមុតស្រួចផងដែរ ដូចជាការជួយឧបត្ថម្ភគាំទ្រជាសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ការឧបត្ថម្ភគាំទ្រដល់ស្ត្រីមាន ផ្ទៃពោះ ការជួយដល់ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ពលករយើងជាង ១,៥លាននាក់ ដើម្បីបង្កើនតម្លៃបន្ថែមក្នុង ការងារវិស័យឧស្សហកម្ម ដោយផ្តល់កន្លែងស្នាក់នៅ និងហូបចុកសមរម្យ។ លើសពីនេះ រាជរដ្ឋាភិបាលក៏បាន ផ្តល់ការគាំទ្ររបបសន្តិសុខសង្គមជូនដល់បុគ្គលិកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងផ្តល់ការការពារសិទ្ធិក្នុង ការងារតាមរយៈ មេធាវីស្ម័គ្រចិត្តសម្តេចតេជោផងដែរ។
បន្ថែមពីនេះ លោក វេង សុខុន បានណែនាំដល់សមាជិកគណបក្សថ្មីទាំង ២ ៨២៨រូប គឺត្រូវគោរព និងស្រឡាញ់គណបក្សប្រជាជនកម្ពុជា រក្សាគោលជំហរស្មោះត្រង់ជូនគណបក្ស ជួយផ្សព្វផ្សាយអំពីអំពើល្អ និងសមិទ្ធផលជាច្រើនដែលសម្តេចប្រធាន និងគណបក្សបាន និងកំពុងសម្រេច ពិសេសទៅចូលរួមបោះឆ្នោតគាំទ្រសម្តេចប្រធាន និងគណបក្ស ដែលមាន លេខរៀងទី១៨ ឱ្យបានគ្រប់ៗគ្នា ដោយសមាជិកបក្សប្រជាជនកម្ពុជាម្នាក់ គឺជាសន្លឹកឆ្នោត ១សន្លឹករបស់ គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ! ៕
ដោយ៖ សហការី