ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​អប់រំ កំពុង​ពង្រឹង​​សមត្ថភាព​លោក​គ្រូ ​អ្នកគ្រូ នៅ​កម្រិត​មធ្យមសិក្សាទុតិយភូមិ​ ស្ដី​ពី ​”ការ​រៀន និង​បង្រៀន​ស្ទែម​​”

ចែករំលែក៖

ខេត្ត​តាកែវ៖ ក្រសួង​អប់រំ យុវជន និង​កីឡា ក្រោម​ការ​សម្របសម្រួល​ដោយ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បាន​រៀបចំ​វគ្គ​បណ្ដុះ​បណ្ដាលស្ដីពី “ការ​រៀន និង​បង្រៀន​ស្ទែម​នៅមធ្យមសិក្សាទុតិយភូមិ” ដែល​ពិធី​បើក​ត្រូវ​បាន​ប្រារព្ធ​ក្រោមអធិបតីភាព លោក ថោង បូរ៉ាន់ អនុ​រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និង​កីឡា និង​ជា​នាយក​រង​គម្រោង​អភិវឌ្ឍន៍​វិស័យ​អប់រំ​មធ្យមសិក្សា​ទុតិយភូមិទី២ (USESDP-II) ជូន​ដល់​លោកគ្រូអ្នកគ្រូនៅសាលាបណ្ដាញទាំង៦ រាជធានី-ខេត្ត រួមមាន៖ រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល កំពត កែប ព្រះសីហនុ និង​ខេត្ត​កោះកុង សរុបចំនួន២២៨នាក់ នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ ខេត្ត​តាកែវ។

នាឱកាសនោះ​ លោកអនុរដ្ឋលេខាធិការ បាន​លើក​ឡើង​ថា​ ការអប់រំស្ទែមនឹងធ្វើឱ្យប្រសើរឡើងនូវគុណភាព ការវាយតម្លៃលើការអនុវត្ត លទ្ធផលតេស្តរបស់សិស្សនៅកម្រិតសាលារៀន និងជំរុញឱ្យសិស្ស​ចង់រៀនព្រមទាំង ជួយឱ្យពួកគេ មាន លទ្ធភាពអភិវឌ្ឍន៍ មានគំនិតច្នៃប្រឌិត បង្កើតពហុគំនិត មានអន្តរកម្មឥតឈប់ឈរ បង្កើនការ រិះគិតស៊ីជម្រៅ ចេះបង្កើតថ្មីដោយខ្លួនឯង និងមានសមត្ថភាពចូលរួមប្រកួតប្រជែងលើមុខវិជ្ជាគណិតវិទ្យា និង វិទ្យាសាស្ត្រ នៃកម្មវិធីអន្តរជាតិ PISA ។ វិស័យនីមួយៗខាងលើនេះ មានទិសដៅ និងផ្តល់សារៈសំខាន់ ទៅលើវត្ថុបំណង​ខុសៗគ្នា និងជាវិស័យដែលកម្ពុជាយើងកំពុងត្រូវការចាំបាច់ ក្នុងការប្រែក្លាយ​ទៅជា​ប្រទេស​មានចំណូលមធ្យម​កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសជឿនលឿននៅឆ្នាំ២០៥០ ពោល គឺជា ប្រទេសអ្នកផលិត។ 

លោក​អនុរដ្ឋលេខាធិការ ក៏​បានថ្លែង​អំណរគុណ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួម​រៀបចំ​វគ្គបណ្តុះណ្តាលនេះឡើង​ ជា​ពិសេស​ការ​​​គាំទ្រ​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ក្រោម​ការ​អនុវត្ត​​គម្រោង USESDP-II ដែល​ធ្វើ​ការ​ការ​អប់រំ​ផ្នែក​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ បាន​រីកចម្រើន​ទៅមុខ ចូលរួម​យ៉ាង​សំខាន់​នៃ​កំណែទម្រង់​វិស័យ​អប់រំ យុវជន​ និង​កីឡា ស្របតាម​បរិវត្ត​កម្ម​​អប់រំ​ក្នុង​បរិបទ​សាកល​ផង​ដែរ៕

ដោយ​៖សហការី​


ចែករំលែក៖