ប្រទេសព័រទុយហ្កាល់៖ ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃសៅរ៍ទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ទើបតែត្រូវបានជ្រើសតាំងជាសមាជិកកិត្តិយស «ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក» នាឱកាសកិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសាកលលោក នៅទីក្រុងអ័រតា (Horta) នៅប្រទេសព័រទុយហ្កាល់ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧-២៩ ខែឧសភា ឆ្នាំ២០២៣។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពលោក ល្វី ថេបូ (Louis Thebault) ប្រធានក្លឹប និងលោក កាឡូស ហ្វ៊ែរេរ៉ា (Carlos Ferrera) អភិបាលក្រុងអ័រតា និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាលក្លឹប ដែលជាអគ្គលេខាធិការ អគ្គនាយក អនុប្រធានក្លឹបទទួលបន្ទុកទ្វីបទាំង៤ និងអគ្គហិរញ្ញឹកក្លឹប។
អង្គប្រជុំបានពិនិត្យ និងពិភាក្សាទៅលើរបៀបវារៈជាច្រើន ដោយផ្តោតលើវឌ្ឍនភាពការងារ ការកែសម្រួលលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងក្លឹប ការពិភាក្សាលើបេក្ខភាពឆ្នេរសមាជិកថ្មី ការពង្រឹងការផ្សព្វផ្សាយតួនាទីក្លឹបលើឆាកអន្តរជាតិ និងការត្រៀមលក្ខណៈរៀបចំមហាសន្និបាតក្លឹបលើកទី១៧ នៅឆ្នេរសមុទ្រយោស៊ូ (Yeosu) ប្រទេសកូរ៉េខាងត្បូង រួមជាមួយបញ្ហាចំពោះមុខមួយចំនួនទៀត។
ក្នុងកិច្ចប្រជុំនេះដែរ អង្គប្រជុំបានឯកភាពជាឯកច្ឆ័ន្ទក្នុងការជ្រើសតាំងឥស្សរជនចំនួន៣រូប ដែលមានស្នាដៃឆ្នើមជាសមាជិកកិត្តិយសរបស់ក្លឹប (Membre d’Honneur) ដែលរួមមាន៖
* លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មកពីឆ្នេរសមុទ្រកម្ពុជា
* លោក អាប់ឌុលឡាយ៍ សេណេ (Abdoulaye SENE) ទីប្រឹក្សាប្រធានាធិបតីសេណេហ្កាល់ មកពីឆ្នេរសមុទ្រស៉ីណេសាលុម (Sine Saloum) ប្រទេសសេណេហ្កាល់
* លោក អ៉ីវេស បូរី (Yves Borius) អតីតនាយកហិរញ្ញវត្ថុអង្គការ OCDE មកពីឆ្នេរសមុទ្រម័រប៊ីហាន (Morbihan) ប្រទេសបារាំង។
បច្ចុប្បន្ន ក្លឹបមានសមាជិកកិត្តិយសតែ២រូបប៉ុណ្ណោះ គឺលោកស្រី ម៉ាយឃើល ផូលី (Michelle Pauly) មកពីឆ្នេរសមុទ្រ Somme ប្រទេសបារាំង និងលោក ហ្ស៊ូរីកា ក្រាវុក (Zorica Kravuk) ជនជាតិក្រូអាស៊ី។ ក្នុងន័យនេះ លោករដ្ឋមន្រ្តី គឺជាឥស្សរជនជនជាតិអាស៊ីដំបូងនិងតែម្នាក់គត់ ដែលត្រូវបានក្រុមប្រឹក្សាភិបាលក្លឹបសម្រេចជ្រើសតាំងជា សមាជិកកិត្តិយសរបស់ក្លឹប ដែលជាការទទួលស្គាល់ថ្មីបន្ថែមទៀតនូវតួនាទីរបស់កម្ពុជាលើឆាកអន្តរជាតិ ហើយក៏ជាមោទនភាពដ៏ធំមួយសម្រាប់កម្ពុជាផងដែរ។
ទន្ទឹមនឹងនេះ ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡា SEA GAME នៅកម្ពុជា ក៏ត្រូវបានក្រុមប្រឹក្សាភិបាលក្លឹបដែលមកពីទ្វីបទាំង៤ លើកមកធ្វើការកត់សម្គាល់ និងសរសើរអំពីភាពអស្ចារ្យនៃការរៀបចំ ពិសេសតាមរយៈវត្តមានដោយផ្ទាល់របស់លោក ប៊្រុយណូ បូដា (Bruno Bodard) ក្នុងពិធីបើកព្រឹត្តិការណ៍ និងការទស្សនាកម្មវិធីប្រកួតមួយចំនួន ហើយដែលសារព័ត៌មានជុំវិញពិភពលោកសុទ្ធតែបានចុះផ្សាយ និងទទួលស្គាល់អំពីជោគជ័យនៃការរៀបចំព្រឹត្តិការណ៍នេះ៕
ដោយ៖សហការី