នាយករដ្ឋមន្ត្រីថៃកាលពីម្សិលមិញ (៩ មិថុនា) បានបញ្ជាឱ្យក្រុមប្រឹក្សាសន្តិសុខជាតិ សម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីស៊ើបអង្កេតឱ្យបានឆាប់រហ័សក្រុមសកម្មជនដែលអំពាវនាវឱ្យមានការបោះឆ្នោតប្រជាមតិលើការបង្កើត«ជាប្រទេសមូស្លីមប៉ាតានី” ឯករាជ្យពីប្រទេសថៃ។
អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ លោក Supoj Malaniyom មានប្រសាសន៍ថា សកម្មជននិស្សិតមួយក្រុមនៅភាគខាងត្បូង បានបើកកិច្ចពិភាក្សាពិសេសមួយស្តីពី “ការប្តេជ្ញាចិត្តដោយខ្លួនឯងនិងសន្តិភាពនៅប៉ាតានី” នៅបរិវេណសាលាខេត្តប៉ាតានី នៃសាកលវិទ្យាល័យ Prince Song-khla (Prince of Songkhla)។
អាស្រ័យហេតុនេះ ក្រុមនេះបានចេញសេចក្តីអំពាវនាវឱ្យធ្វើប្រជាមតិសាធារណៈស្តីពីការបំបែកខេត្តប៉ាតានីចេញពីប្រទេសថៃ។
លើសពីនេះ ក្រុមនេះក៏បានរៀបចំការស្ទង់មតិមួយនៅលើបណ្តាញសង្គម ដោយធ្វើការស្ទង់មតិប្រជា
ជនប៉ាតានីអំពីលទ្ធភាពនៃការធ្វើប្រជាមតិលើបញ្ហានេះ។
លោកឧត្តមសេនីយ៍ Supoj បាននិយាយថា ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសថៃបានរាយការណ៍ទៅនាយករដ្ឋមន្ត្រី Prayuth Chan-o-cha ហើយបានទទួលការណែនាំដើម្បីធ្វើការស៊ើបអង្កេតយ៉ាងទូលំទូលាយលើបុគ្គលដែលពាក់ព័ន្ធ។ នាយឧត្តមសេនីយ៍ Supoj អះអាងថា ការអំពាវនាវនេះខុសច្បាប់ បង្កភាពច្របូកច្របល់ដល់ប្រជាពលរដ្ឋ និងអាចញុះញង់ឱ្យមានការបែកបាក់ប្រទេស។
យោធភូមិភាគទី៤ ក្រសួងការពារជាតិថៃ ដែលជាអង្គភាពទទួលបន្ទុកត្រួតពិនិត្យសន្តិសុខនៅតំបន់ភាគខាងត្បូងនៃប្រទេសថៃក៏បានស៊ើបអង្កេតផងដែរ ដោយនិយាយថា មានអ្នកនយោបាយ អ្នកប្រាជ្ញ និងតំណាងអង្គការសង្គមជាច្រើនចូលរួមសន្ទនា។ ទីភ្នាក់ងារនេះបញ្ជាក់ថា ៖ ច្បាប់ថៃអនុញ្ញាតនិងគាំទ្រប្រជាជនក្នុងការអនុវត្តសិទ្ធិនយោបាយ និងសេរីភាពនៃការបញ្ចេញមតិ។ ទោះជាយ៉ាងណាក៏ដោយ រាល់ការបញ្ចេញមតិត្រូវតែស្ថិតក្នុងក្របខ័ណ្ឌនៃច្បាប់ ហើយមិនត្រូវបំពានលើគោលការណ៍អធិបតេយ្យភាព និងបូរណភាពទឹកដី ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រថៃឡើយ៕
ដោយ៖ ធីរីណា(រូបថត៖ the nation )