ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់នគរបាលយុត្តិធម៌នៃអធិការដ្ឋានក្រុងប៉ៃលិន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង៥០នាទី កម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ ម៉ន ម៉េត ហៅម៉ៅ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរកសិករ រស់នៅភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ទៅដាក់ពន្ធនាគារពីបទហិង្សា។
សមត្តកិច្ចបានបន្តថា បុរសម្នាក់ខាងលើដែលប្រើហិង្សាត្រូវបញ្ជូនទៅកាន់ពន្ធនាគារខេត្តប៉ៃលិន តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ២៦០/២៣ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ របស់លោក ហ៊ុយ ទីហួ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន ជននេះត្រូវបានដាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន៕
ដោយ៖ស សារ៉េត