ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមុខសញ្ញាលួចអាគុយនិងបូមប្រេងរថយន្តនៅការដ្ឋានធ្វើលូមួយកន្លែង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ដោយសារតែមានការបាត់អាគុយនិងប្រេងរថយន្តញឹកញាប់ពេក ទើបសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់និងស្រុកកណ្ដៀង សហការគ្នាចុះស្រាវជ្រាវរហូតកំណត់បានមុខសញ្ញា ដោយឃាត់ខ្លួនជនសង្ស័យម្នាក់យកមកសួរនាំ ។

    ករណីសមត្ថកិច្ចសហការគ្នាស្រាវជ្រាវ និងបង្រ្កាបជនសង្ស័យនេះ ធ្វើឡើងកាលពីម្សិលមិញ ថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បព្ចាស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅភូមិស្ពាន ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

   សមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ណុប គឿន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្ពាន ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

    ប្រភពព័ត៌មានពីសមត្ថកិច្ចដដែលឱ្យដឹងទៀតថា ការណ៍ដែលឃាត់ខ្លួនជនសង្ស័យនេះ គឺជាការអនុវត្តតាមបណ្តឹងរបស់អង្គភាពធ្វើលូនៅភូមិអូរស្ដៅ សង្កាត់ផ្ទះព្រៃ ក្រុង/ខេត្តពោធិ៍សាត់ដែលកន្លងទៅនៅពេលយប់តែងតែបាត់អាគុយរថយន្ត និងប្រេងជាញឹកញាប់ ទើបសមត្ថកិច្ចនគរបាលយើងសហការស្រាវជ្រាវរហូតកំណត់មុខសញ្ញា និងឃាត់ខ្លួនតែម្ដង។ 

   បច្ចុប្បន្ន ជនសង្ស័យ(ណុប គឿន)ត្រូវបាននាំយកមកបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖