ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្ត Ford ពាក់ស្លាកលេខខេមរភូមិន្ទ បុកម៉ូតូអូសជាច្រើនម៉ែត្របណ្ដាលឱ្យយុវជនពីរនាក់រងបួស

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកFord ស្លាកលេខខេមរភូមិន្ទ បុកម៉ូតូមួយគ្រឿងអូសជាច្រើនម៉ែត្របណ្ដាលឱ្យរងការខូចខាត និងយុវជនពីរនាក់រងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង៣០ នាទីយប់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៣ នៅតាមបណ្តោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកFord មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខខេមរភូមិន្ទ01-2-7000 ធ្វើដំណើរតាមបណ្ដោយផ្លូវ ១៩៨៦ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏បានជ្រុលបុកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០២២ពាក់ស្លាកលេខភ្នំពេញ1JW-4176 ជិះដោយយុវជនពីរនាក់ស្របទិសដៅគ្នា អូសម៉ូតូជាច្រើនម៉ែត្របណ្ដាលឲ្យម៉ូតូរងការខូចខាត ឯយុវជនទាំងពីរនាក់រងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ក្រោយមកភាគីទាំងពីរក៏បានព្រមព្រៀងគ្នាដោយខាងភាគីរថយន្តបានចេញថ្លៃជួសជុលម៉ូតូឲ្យស្អាតឡើងវិញ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖