ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាពិបាកទទួលយកណាស់! ខណៈឪពុកបញ្ឆេះត្រាក់ទ័រថយក្រោយហើយជាប់លេខបណ្តាលឱ្យកិនកូនខ្លួនឯងស្លាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ពិតជាពិបាកទទួលយកណាស់ ខណៈដែលក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីឪពុកឡើងបញ្ឆេះត្រាក់ទ័របើកថយក្រោយហើយជាប់លេខបណ្តាលអោយកិន។

    បើយោងតាមប្រភពពីសមត្ថកិច្ចបានអោយអង្គភាពយើងដឹងនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ថា មានករណីត្រាក់ទ័រកិនក្មេងស្លាប់ភ្លាមៗនៅចំណុចភូមិអង្គតាអាំ ឃុំពោធិចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបានអោយដឹងទៀតថា ក្មេងប្រុសរងគ្រោះមានឈ្មោះ រឿង ដានី អាយុ៦ឆ្នាំ បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីឪពុកឈ្មោះ ទូច សៀងអុី អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុបានបញ្ឆេះត្រាក់ទ័រភ្ជួរដីមួយគ្រឿងម៉ាកគូបូតាពណ៌ក្រហម។

   សមត្ថកិច្ចបានបញ្ជាក់អោយដឹងទៀតថាករណីនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៣។

   ប្រភពបានបន្តទៀតថា មុនពេលកើតហេតុឪពុកមិនបានដឹងថាកូនទៅឈរពីក្រោយត្រាក់ទ័រនោះទេ ទើបឡើងបញ្ឆេះតែដោយសារត្រក់ទ័រជាប់លេខក៏រុឺយ៉ែថយក្រោយទើបបណ្តាលអោយបុកនឹងផាលត្រាក់ទ័រត្រូវដើមទ្រូងផ្ទប់ជាមួយសសរបេតុងផ្ទះធ្លាយដល់ឆ្ឆឹងខ្នងស្លាប់ភ្លាមៗតែម្តងទៅ។

   ក្រោយកើតហេតុ សពត្រូវផ្នែកជំនាញប្រគល់ជូនគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកឪពុកបានរត់គេចខ្លួនដោយសារតែមានការភ័យខ្លាចខ្លាំងពេក៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖