ភ្នំពេញ៖ អគារខុនដូ Golden one icenter ត្រូវបានអគ្គិភ័យឆាបឆេះបន្ទប់ស្ទីមនៅជាន់ទី38យ៉ាងសន្ធោសន្ធៅ បង្កជាបញ្ហាភ័យខ្លាចដល់ភ្ញៀវ ឬម្ចាស់បន្ទប់ក្នុងខុនដូនីមួយៗ រត់ចុះមកក្រោមផ្អើលទាំងយប់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៩និង៤៥នាទីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចខុនដូ Golden one icenter ផ្លូវ៣៦០ ក្រុមទី៤៧ ភូមិ០៧ សង្កាត់ទួលស្វាយព្រៃ០១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ទីតាំងខុនដូមានឈ្មោះ ឈុន សម្បតិ្ត ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ រួមទាំងម្នាក់ទៀតមានឈ្មោះ Teng chengYuen ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា គេបានឃើញផ្សែងខ្មៅខ្មួលខ្មាញ់ចេញពីបន្ទប់មួយក្នុងអគារដុនដូខាងលើ បង្កជាអណ្តាតភ្លើង ហើយក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្មូមូលដ្ឋាន ទំនាក់ទំនងទៅកម្លាំងសមត្ថកិច្ចជំនាញបង្ការ និងពន្លត់អគ្គិភ័យ ដើម្បីចេញជួយធ្វើអន្តរាគមន៍។
បើតាមការបញ្ជាក់ពីអ្នករស់នៅក្នុងខុនដូនេះបានប្រាប់ថា អគ្គិភ័យបានឆាបឆេះចេញពីបន្ទប់ស្ទីមសូណា ជាន់ទី38 ដោយសារតែស្ទីមខ្វះការប្រុងប្រយ័ត្ន បង្កជាអណ្តាតភ្លើងឆាបឆេះ ពេលនោះសន្តិសុខ និងអ្នករស់នៅក្នុងអគារខុនដូ ព្យាយាមពន្លត់ដែរតែដោយសារភ្លើងឆាបឆេះ និង មានផ្សែងខ្លាំងពេកទើបពួកគេគ្រប់គ្រងស្ថានការណ៍មិនបាន ក៏សម្រេចទំនាក់ទំនងទៅកម្លាំងសមត្ថកិច្ចជំនាញបង្ការ និងពន្លត់អគ្គិភ័យដើម្បីចេញជួយធ្វើអន្តរាគមន៍។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យជាច្រើនគ្រឿងទៅកាន់ទីតាំងកើតហេតុដើម្បីអន្តរាគមន៍ ជៀសវាងបង្កការរាលដាល ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។
ក្នុងរង្វង់នៃប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានយករថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៥គ្រឿង មិនបានប្រេីប្រាស់ទឹក។ រថយន្តក្រសួងមហាផ្ទៃចំនួន០២គ្រឿង មិនបានប្រើប្រាស់ទឹក។ រថយន្តផ្សារទំនើបអូឡាំព្យា៉ចំនួន ០២គ្រឿង មិនបានប្រើប្រាស់ទឹក។
អគ្គិភ័យនេះត្រូវបានកម្លាំងសមត្ថកិច្ច ពន្លត់រលត់ជាស្ថាពរនៅម៉ោង ១២:០០នាទីអធ្រាត្រ នាថ្ងៃខែឆ្នាំដដែល ដែលខូចខាត ឆេះបន្ទប់នៅជាន់ទី38អស់ទាំងស្រុង តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ ចំណែកមូលហេតុកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕
ដោយ ៖ រ៉ារ៉ា