ខេត្តកំពង់ឆ្នាំង៖ មន្រ្តីនគរបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះថា មានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ បានប្រទះឃើញកេសគ្រាប់បែកដៃរបស់អាមេរិកាំង ហើយភ្លាមៗនោះក៏រាយការណ៍ជូនសមត្ថកិច្ចយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព ដើម្បីទប់ស្កាត់កុំឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅទីតាំងនោះ។
មន្រ្តីដដែលបន្តថា មានប្រជាពលរដ្នម្នាក់ឈ្មោះ ជេត ឡាំ ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិក្រោកកើត ឃុំស្រែឃុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១២ ខែមិថុនាម្សិលមិញនេះ ខណៈដែលគាត់ជីកដីនៅខាងក្រោយផ្ទះ ក៏បានប្រទះឃើញកេសគ្រាប់មួយ ក្នុងនោះមានគ្រាប់បែកដៃអាមេរិកាំងចំនួន៩គ្រាប់ គាត់បានមករាយការណ៍ប្រាប់ដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្នបាលឃុំស្រែថ្មី ដេីម្បីជួយធ្វើអន្តរាគមន៍ផងដែរ។
ក្រោយកេីតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្នបាលឃុំស្រែថ្មី បានសហការជាមួយអង្គភាពសុីម៉ាក់CMAC ចុះមកយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព៕
ដោយ៖ សហការី