ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា នៅក្នុងប្រទេសប្រជាធិបតេយ្យដូចអូស្រ្តាលីជាដើម អ្នកដែលមិនទៅបោះឆ្នោត ត្រូវបានគេផាកពិន័យ ប៉ុន្តែសម្រាប់កម្ពុជាវិញ ការបោះឆ្នោតគឺជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ។
សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបទៅក្រុមប្រឆាំងដែលបានធ្វើយុទ្ធនាការឃោសនាមិនឱ្យពលរដ្ឋទៅបោះឆ្នោតថា បើពួកក្រុមប្រឆាំងនៅក្រៅប្រទេស និងក្នុងប្រទេសមួយចំនួន ដែលកំពុងធ្វើយុទ្ធនាការមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត បើពួកអ្នកឯងចិត្តសឿងកុំទៅបោះឆ្នោត ព្រោះនឹងធ្វើឱ្យសិទ្ធិបោះឆ្នោតរបស់ពួកអ្នកឯង ក៏ត្រូវចប់ដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា យោងតាមវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតដែលគ្រោងនឹងធ្វើនោះបានចែងថា ប្រសិនបើបុគ្គលណាមិនបានចេញទៅបោះឆ្នោត ស្មើនឹងដកសិទ្ធិខ្លួនឯងក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅក្រុមប្រឆាំងថាបើពួកគេចិត្តសឿងសូមកុំទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ព្រោះថាទៅមុខទៀតអ្នកដែលមិនបានចេញទៅបោះឆ្នោតនិងគ្មានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតនោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យមានការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដែលកំណត់ថា អ្នកដែលមិនបានចេញទៅបោះឆ្នោតនិងគ្មានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតនាពេលខាងមុខនោះទេ។
សម្ដេចតេជោបានលើកឡើងថា ការធ្វើបែបនេះគឺដើម្បីឆ្លើយតបត្រង់នឹងយុទ្ធនាការរបស់ក្រុមប្រឆាំងដែលមានមូលដ្ឋាននៅក្រៅប្រទេសបំផុសបំផុលឲ្យសមាជិកសកម្មជនរបស់ខ្លួនកុំចេញទៅបោះឆ្នោត។
សម្ដេចថា៖ «ពីមុនអង្វរឲ្យអ្នកឯងទៅបោះ ឥឡូវអង្វរអ្នកឯងកុំទៅបោះបើអ្នកឯងចិត្តសឿងណាស់! ចាំមើលមានប៉ុន្មានអាជើងខ្លាំង? ដែលកំពុងអំពាវនាវ រាប់ទាំងអាអ្នកនៅក្នុងប្រទេសដែលកំពុងធ្វើយុទ្ធនាការ»។
បើតាមសម្ដេចតេជោ ការមិនទៅបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងធ្វើប៉ះពាល់ទៅដល់សិទ្ធិក្នុងការឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា រួមទាំងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៨ ផងដែរ។
សម្ដេចសង្ឃឹមថា វិសោធនកម្មច្បាប់បោះឆ្នោតថ្មីនឹងត្រូវបានរៀបចំនិងអនុម័តរួចមុនយុទ្ធនាការឃោសនាបោះឆ្នោតនៅពេលខាងមុខ៕
ដោយ ៖ សិលា