ខេត្តស្ទឹងត្រែង ៖ ផលិតផលធ្វើពីម្នាស់ទឹកឃ្មុំនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែងត្រូវបានក្រុមហ៊ុនរបស់ប្រទេសចិនមួយបានមកចុះMOUនឹងនាំផ្លែម្នាស់ទឹកឃ្មុំ,ស្រាម្នាស់ទឹកឃ្មុំ ជាភេសជ្ជៈ ទៅកាន់ទីផ្សារប្រទេសចិនដោយសារតែម្នាស់នោះគឺមានរស់ជាតិឆ្ងាញ់ពិសេស។
លោក សាយ ពន្លឺចិត្តករុណា អ្នកដាំម្នាស់ទឹកឃ្មុំនៅខេត្តស្ទឹងត្រែងបានឲ្យដឹងថា បច្ចុប្បន្នលោកមានផ្ទៃដីចម្ការម្នាស់ទំហំ១៥ហិកតានៅឆ្នាំ២០២៣នេះ បានផលជាង ១០ម៉ឺនផ្លែហើយពីព្រោះទើបតែដំា នៅឆ្នាំក្រោយវាអាចនឹងកើនបានផលដល់ទៅ៤០ម៉ឺនផ្លែក្រោយពីដាំកូនបន្ថែម។
លោកករុណាបានបន្ថែមទៀតថា គ្រោងនឹងដាំកូនបន្ថែមឲ្យបាន១លាន២សែនដើម ដើម្បីប្រមូលផលនៅចុងឆ្នាំ ២០២៣និង២០២៤ ចំពោះកូនម្នាស់ នៅពេលដាំមើល ថែរហូតបានផល ត្រូវចំណាយពេលយ៉ាងតិច១ឆ្នាំ២ខែ ទើបចាប់ផ្តើមប្រមូលផលបាន កន្លងមកនេះក្រៅពីលក់ផ្លៃម្នាស់នៅក្នុងប្រទេសម្ចាស់ចម្ការ ក៏បានកែច្នៃទឹកម្នាស់ឱ្យទៅជាស្រានិងផលិតផលពីផ្លែម្នាស់ផងដែរ។
លោកបានបន្តឲ្យដឹងទៀតថា ក្រោយពីផលិតផ្សារម្នាស់ទឹកឃ្មុំមានរសជាតិឆ្ងាញ់សម្រាប់អ្នកចូលចិត្តមានក្រុម ហ៊ុនចិនឈ្មោះ Hainan Chaoqishiting Agricultural Techology Development Co. Lrd. បានមកចុះអនុស្សរណៈ(MOU)ជាមួយនឹងសិប្បកម្មទឹកម្នាស់ ទឹកឃ្មុំករុណា នៅក្រុងស្ទឹងត្រែង ដើម្បីនាំចេញផ្លែម្នាស់ទឹកឃ្មុំ,ស្រាធ្វើពីផ្លែម្នាស់និងទឹកម្នាស់ទឹកឃ្មុំទៅកាន់ទីផ្សារប្រទេសចិន។
លោក សាយ ពន្លឺចិត្តករុណា បាននិយាយបន្ថែមទៀតថា តំណាងក្រុមហ៊ុនចិនបានសន្យាថា ក្រៅពីនាំទៅដោយខ្លួនឯង គេនឹងជួយធ្វើបទបង្ហាញទៅដល់ក្រុម ហ៊ុននៅប្រទេសចិនផ្សេងៗទៀត ឲ្យគេបានស្គាល់ចាប់ អារម្មណ៍ពីគុណតម្លៃនៃផ្លែម្នាស់ទឹកឃ្មុំខ្មែរ ដើម្បីពួកគេអាចនឹងនាំទៅប្រទេសចិនដែរដោយអនុវត្តទៅតាមនីតិវិធីនៃការនាំចេញរបស់កម្ពុជានិងចិន។ ម្ចាស់ចម្ការម្នាស់បាននិយាយថា នៅក្រោយការចុះ(MOU) នៃការយោគយល់គ្នានោះរួចលោកបានត្រៀមនឹងដាំម្នាស់ឲ្យបានដល់ទៅរាប់ម៉ឺនដើមបន្ថែមទៀត។
លោកទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តស្ទឹងត្រែងនិយាយឲ្យដឹងថា នេះជាជំហានវិជ្ជមានថ្មីមួយទៀតដែលម្នាស់ទឹកឃ្មុំខេត្តស្ទឹងត្រែង មានឱកាសបានទៅបង្ហាញវត្តមាននៅលើទីផ្សារអន្តរជាតិ បន្ទាប់ពីមានវត្តមានជាច្រើនឆ្នាំនៅទីផ្សារក្នុងប្រទេស យើងសង្ឃឹមយ៉ាងមុតមាំថា ម្នាស់ទឹកឃ្មុំខេត្តស្ទឹងត្រែងនឹងទទួលបាននូវការចាប់អារម្មណ៍ និងពេញចិត្តនូវរសជាតិពិសេសរបស់វាពីសំណាក់ពលរដ្ឋចិន។
លោកប្រធានមន្ទីរកសិកម្មបន្តថា មន្ទីរនឹងខិតខំបន្ថែមទៀតដើម្បីជួយជំរុញឲ្យប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងចូលរួមបង្កើនការដាំដុះ ជាពិសេសមន្រ្តីជំនាញត្រៀម ខ្លួននឹងសម្របសម្រួលបង្កលក្ខណៈងាយស្រួលដើម្បីធ្វើយ៉ាងណាជួយឲ្យម្នាស់ទឹកឃ្មុំនេះបានក្លាយជាកសិផលសំគាល់ភូមិសាស្ត្រ៕
ដោយ៖ សូរិយា