ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របុករថយន្តហ៊ីយ៉ាន់ដាយ របួសមនុស្សម្នាក់ផ្អើលទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់រវាងរថយន្តកុងតឺន័រ បុកជាមួយរថយន្ត ហ៊ីយ៉ាន់ដាយបណ្ដាលអោយ របួសមនុស្សម្នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣៨នាទីយប់ ថ្ងៃទី១២ខែមិថុនាឆ្នាំ២០២៣ លើផ្លូវជាតិលេខ ០១ គីឡូម៉ែត្រលេខ ១២៥/១២៦  ស្ថិតក្នុងភូមិ បាក់រនាស់ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថា បុរសដែលរងរបួសមានឈ្មោះ ធឿន កង អាយុ ២៥ ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិ ព្រែកខ្សេវ ឃុំ រកាខ្ពស់ ស្រុក ស្អាង ខេត្ត កណ្តាល បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ ខ្មៅ ស ពាក់ស្លាកលេខ ព្រះសីហនុ ២A ៨១៨៥ខូចខាតទាំងស្រុង។

ចំណែកភាគីម្ខាងទៀតមានឈ្មោះ រុន សុវណ្ណារ៉ា អាយុ ២៨ ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិ ចុងព្រែក សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង បើក រថយន្តកុងតឺន័រម៉ាកហុីយ៉ាន់ដាយ ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ ស្វាយរៀង ៣A ២៧២៨ សឺមីរុឺម៉ក  ពាក់ស្លាកលេខ ស្វាយរៀង ៤A ២៧២៨  រថយន្ដខូចខាតស្រាល ។

តាមសាក្សីបានអោយដឹងថា មុនកើតហេតុមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ ខ្មៅ ស ពាក់ស្លាកលេខ ព្រះសីហនុ ២A ៨១៨៥ ដោយធ្វើដំណើរ ពីជើងទៅត្បូង មិនគោរពសិទ្ធិអាទិភាព  ស្រាប់តែមានរថយន្តកុងតឺន័រម៉ាក ហុីយ៉ាន់ដាយ ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ ស្វាយរៀង ៣A ២៧២៨ សឺមីរុឺម៉ក  ពាក់ស្លាកលេខ ស្វាយរៀង ៤A ២៧២៨ក្នុងទិសដៅផ្ទុយគ្នាពីកើតមកលិច ក៏បុកយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលទាំងយប់តែម្ដង។

ក្រោយមកអ្នករបួសត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះដឹកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ចំណែកមធ្យោបាយ ធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅអធិការនគរបាលក្រុងស្វាយរៀង ដើម្បីចាត់ការបន្តតាមច្បាប់ ៕

ដោយ៖ សុថាន

 


ចែករំលែក៖