ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានថ្លែងផ្តាំទៅក្រុមអ្នកនយោបាយប្រឆាំង ដែលកំពុងចង់រកមុខអ្នកដែលរាយការណ៍ ជូននាយករដ្ឋមន្ត្រី ពីព័ត៌មានសម្ងាត់របស់ជនក្បត់ជាតិ ៣ ជំនាន់ (ទណ្ឌិត សម រង្ស៊ី) ដែលបម្រុងប្រើលិខិតឆ្លងដែនបារាំង ពីព្រោះខ្លួនមានសញ្ជាតិបារាំង ក្លែងបន្លំជាភ្លៀវទេសចរណ៍ ដើម្បីបានចូលទៅទឹកដីប្រទេសវៀតណាម នៅក្នុងគោលបំណងលួចឆ្លងចូលមកកាន់ប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសបន្តអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកម្មករ កម្មការិនី ជិត២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា មិនបាច់ស្រាវជ្រាវរកទេ បើអ្នកឯងចង់រក លុះណាអ្នកឯង កាប់សម្លាប់មនុស្ស ដែលនៅជុំវិញខ្លួនរបស់អ្នកឯង ឱ្យអស់ ទើបអស់មនុស្សរបស់លោកនាយករដ្ឋមន្ត្រី។ សម្តេចតេជោ ហ៊ុន សែន ថ្លែងមិនសំដៅចំឈ្មោះទៅលើបុគ្គណាទេ តែអាចបានដឹងថា ចង់សំដៅទៅលើទណ្ឌិតសម រង្ស៉ី ខណៈពេលដែលមនុស្សជំនិតរបស់ទណ្ឌិតរូបនេះ បានផ្ញើសារនៃកិច្ចប្រជុំសម្ងាត់របស់ក្រុមប្រឆាំង ពីប្រទេសអាមេរិក និងប្រទេសបារាំង មកកាន់សម្តេចតេជោ នាយករដ្ឋមន្ត្រី តាមរយៈទូរស័ព្ទដៃនាពេលថ្មីៗនេះ។
សូមបញ្ជាក់ថា : កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសស្នើឲ្យ មិត្តវៀតណាមចាប់ខ្លួនទណ្ឌិត សម រង្ស៊ី បើសិនមានវត្តមាននៅក្នុងប្រទេសវៀតណាម ក្រោមហេតុផលប្រើប៉ាស្ព័រសញ្ជាតិបារាំង បើមិនដូច្នេះវៀតណាមនឹងមានបញ្ហាជាមួយកម្ពុជា ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាគូសបញ្ជាក់ទៅកាន់ឯកអគ្គរដ្ឋទូតវៀតណាម ថាសម្តេចបានទទួលព័ត៌មានអាមួយនោះ(សម រង្ស៊ី) មានបំណងកាន់ប៉ាស្ព័រសញ្ជាតិបារាំងចូលទឹកដីវៀតណាម ដូច្នេះសូមប្រយ័ត្ន បើវាចូលសូមចាប់មកឲ្យកម្ពុជា ។
សម្តេចតេជោ បានគូសបញ្ជាក់ថា ៖«សូមប្រាប់ឯកអគ្គរដ្ឋទូតវៀតណាមផងណាប្រយ័ត្នអាមួយគ្រឿងនោះ (សម រង្ស៊ី) ប្រើប៉ាស្ព័រសញ្ជាតិបារាំងបន្លំចូលវៀតណាម ព្រោះខ្ញុំបានទទួលព័ត៌មានយ៉ាងច្បាស់ថា គេធ្វើយ៉ាងណាឲ្យ ហ៊ុន សែន ខឹង អីញ្ចឹងគេរកវិធីចូលប្រទេសវៀតណាម អីញ្ចឹងសូមឯកឧត្តម ឯកអគ្គរាជទូតជូនដំណឹងទៅថ្នាក់ដឹកនាំវៀតណាមតែម្តងទៅ» ។
សម្តេចបានបន្តថា ទណ្ឌិត សម រង្ស៊ី មានបំណងចូលទៅប្រទេសម៉ាឡេស៊ី មានផែនការចូលទៅថៃ ប្រទេសវៀតណាម ដោយប្រើប៉ាស្ព័របារាំង ។ សម្តេចគូសបញ្ជាក់ថា ៖«បើវាចូល ខ្ញុំសូមស្នើចាប់ខ្លួនវាមកឲ្យខ្ញុំ ព្រោះយើងមានដីការចាប់ខ្លួន ហើយកម្ពុជាវៀតណាមមានទំនាក់ទំនង និងបញ្ហាហ្នឹង ។ យើងមានទំនាក់ទំនងការធ្វើបស្យាប័នធ្វើតាមផ្លូវច្បាប់រួចហើយ អីញ្ចឹងបើអាចង្រៃនឹងចូលមក គឺចាប់ឲ្យខ្ញុំ» ៕
ដោយ ៖ សិលា