ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីប្រកាសព័ត៌មានសូមជម្រាបជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ជ្រាបថា នាពេលថ្មីៗនេះ មានក្រុមអនាធិបតេយ្យ បានលបលួចចូលមកកាប់រានទន្ទ្រានដីព្រៃអាកាស្យាអស់ជាច្រើន ហិកតា និងបានសង់ខ្ទមអនាធិបតេយ្យ ចំនួន១៨ខ្ទម ស្ថិតនៅចំណុចអូរត្រាវ ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ។

បន្ទាប់ពីទទួលបានព័ត៌មាននេះ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ថ្មី​ៗ​នេះ​ មន្ត្រីឧទ្យានុរក្ស នៃតំបន់ ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ សហការជាមួយមន្ត្រីឧទ្យានុរក្ស នៃឧទ្យានជាតិសមុទ្រព្រះសីហនុ រាម បានចុះទៅធ្វើការអប់រំណែនាំ ឱ្យពួកគាត់ស្ម័គ្រចិត្តរុះរើដោយខ្លួនឯង។ រហូតមកដល់ពេលនេះ ក្រុម អនាធិបតេយ្យខាងលើ មិនត្រឹមតែមិនព្រមរុះរើតាមការណែនាំទេ ថែមទាំងបន្តនាំគ្នីគ្នាមកសាងសង់ខ្ទម បន្ថែម ជាបន្តបន្ទាប់។ 

អាស្រ័យហេតុនេះ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រះសីហនុ ដោយមានការចូលរួមសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ព្រះសីហនុ បានដឹកនាំកម្លាំងចម្រុះចុះទៅធ្វើការរៀបចំសណ្តាប់ធ្នាប់ ដើម្បីយកទីតាំងខាងលើទុកជាទ្រព្យសម្បត្តិ រដ្ឋវិញ។ ក្រោយពីបានស្តាប់នូវការពន្យល់អំពីទិដ្ឋភាពច្បាប់ពីក្រុមមន្ត្រីជំនាញ ក្រុមអនាធិបតេយ្យទាំងអស់ខាងលើ បានយល់ព្រមរុះរើ និងធ្វើកិច្ចសន្យាចាកចេញដោយសន្តិវិធី ដែលជាមួយគ្នានោះ រដ្ឋបាលខេត្តក៏បានសម្រប សម្រួលផ្តល់មធ្យោបាយដឹកជញ្ជូនមនុស្ស និងសម្ភារចេញពីទីតាំងទៅកាន់មូលដ្ឋានដើមរៀងៗខ្លួនវិញផងដែរ។

សូមបញ្ជាក់ថា សកម្មភាពរបស់ក្រុមអនាធិបតេយ្យខាងលើនេះ គឺជាការឆ្លៀតឱកាសក្នុងពេលដែល អាជ្ញាធរកំពុងមានភាពមមាញឹកក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងការរៀបចំដំណើរការន ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នាពេលខាងមុខ។

យោងតាមមាត្រា៦២ និងមាត្រា៥៦ ចំណុចទី៤ នៃ “ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ” សកម្មភាពកាប់ រានទន្ទ្រានដីព្រៃយកមកធ្វើជាកម្មសិទ្ធិនេះ គឺជាទង្វើខុសច្បាប់ ដែលត្រូវមានទោសដាក់ពន្ធនាគារពី៥ឆ្នាំ ដល់ ១០ឆ្នាំ និងទោសពិន័យជាប្រាក់ពី ១៥.០០០.០០០រៀល ដល់១៥០.០០០.០០០រៀល ហើយក្នុងករណីមិន រាងចាលត្រូវផ្តន្ទាទោសទ្វេដង រដ្ឋបាលខេត្តនឹងអនុវត្តវិធានការផ្លូវច្បាប់ដោយម៉ឺងម៉ាត់បំផុតគ្មានការលើកលែង ចំពោះក្រុមអនាធិបតេយ្យ និងមេខ្លោងទាំងឡាយណាដែលព្យាយាមំកាប់ទន្ទ្រានដីរដ្ឋ ដោយនាំយកមកផ្តន្ទាទោស តាមផ្លូវច្បាប់ឱ្យខានតែបាន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ជ្រាបជាព័ត៌មាន៕

ដោយ៖ សហការី


ចែករំលែក៖