ភ្នំពេញ៖ ការទទួលស្វាគមន៍ និងអបអរសាទរ ប្រកបដោយទឹកមុខសប្បាយរីករាយក្រៃលែង ពីបងប្អូនកម្មករ កម្មការិនី ចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីមកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។
សូមជម្រាបជូនថា នាឱកាសនោះសម្តេចតេជោ ពិតជារីករាយដែលបានអញ្ជើញមកជួបជាមួយបងប្អូនកូនក្មួយ កម្មករ កម្មការិនីនៅតំបន់ព្រៃស្ពឺ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាថ្មីម្ដងទៀត ។ សម្តេចតេជោបានអរគុណដល់បងប្អូនកូនក្មួយ កម្មករ កម្មការិនី ដែលមានការស្រឡាញ់ រាក់ទាក់ចំពោះសម្ដេចផ្ទាល់នាពេលនេះ។ សម្ដេចតេជោបានមានប្រសាសន៍ចាត់ទុកថា ទំនាក់ទំនងនេះមិនមែនគ្រាន់តែជាទំនាក់ទំនងរវាងនាយករដ្ឋមន្រ្ដី និងកម្មករនិយោជិតប៉ុណ្ណោះទេ ប៉ុន្ដែនេះបានបង្ហាញអំពីទំនាក់ទំនងដូចជា តា និងចៅ ពូ និងក្មួយ ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា សម្តេចមានគម្រោងបន្តចុះជួបជាមួយកម្មករនិយោជិតបន្ថែមទៀត ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ឆ្នាំ២០២៣នេះ បន្ទាប់ពីជំនួបជាមួយកម្មករកម្មការិនីចំនួន១៨លើក ហើយនៅមានកម្មករនិយោជិតមួយចំនួនទៀត មិនទាន់បានជួបនៅឡើយ។
សម្តេចតេជោបន្តទៀតថា ជំនួបជាមួយកម្មករ កម្មការិនីនាពេលនេះ គឺសម្ដេចចង់ដឹងថា អ្វីដែលធ្វើពីមុននោះ តើដំណើរការដល់ហើយ? តើវាសម្រេចបានយ៉ាងដូចម្តេច? ខណៈកាលពីជំនួបកាលពីឆ្នាំ ២០១៧ រាជរដ្ឋាភិបាលបានអញ្ជើញភាគីពាក់ព័ន្ធក្នុងវិស័យរោងចក្រកាត់ដេរនេះ មកជួបដើម្បីឱ្យលើកឡើងពីបញ្ហា និងតម្រូវការជាក់ស្ដែងរបស់បងប្អូនកម្មករ ដើម្បីធ្វើការដោះស្រាយជូនឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា៕
ដោយ៖ សហការី