ព័ត៌មានទាន់ហេតុការណ៍៖

«មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ នឹងគាំទ្រគំនិតផ្តួចផ្ដើមកិច្ចសហប្រតិបត្តិការចំនួន ០៩ នៅកម្ពុជា»

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញ សេចក្តីប្រកាសព័ត៌មានថា, លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង លោក វ៉ាង វិនធាន (WANG Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នឹងអញ្ជើញចុះ ហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងស្តីពី មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ- ឡានឆាង ឆ្នាំ២០២៣ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

ក្នុងក្របខ័ណ្ឌមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ គម្រោងកម្ពុជាសរុបចំនួន ០៩ នឹងទទួលបានការគាំទ្រហិរញ្ញវត្ថុ ដែលមានទឹកប្រាក់ប្រមាណ ២.០០០.០០០ ដុល្លារអាមេរិក (ពីរលានដុល្លារអាមេរិក)។ គម្រោងទាំងនោះ នឹងផ្តល់ផលកាន់តែ ច្រើននៅតាមវិស័យផ្សេងៗ រួមមាន វិស័យដឹកជញ្ជូននិងឡូជីស្ទីក ប្រព័ន្ធព័ត៌មានវិទ្យា សន្តិសុខ ស្បៀង ការស្រាវជ្រាវ ការកសាងសមត្ថភាព ក៏ដូចជាការអភិរក្សបេតិកភណ្ឌ។

ក្នុងរយៈពេល ០៦ ឆ្នាំកន្លងមកនេះ មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង បានផ្តល់ជំនួយហិរញ្ញវត្ថុដល់គម្រោងប្រមាណ ៨០ នៅកម្ពុជា។ ការអនុវត្តគំនិត ផ្តួចផ្តើមសហការទាំងនេះ បង្ហាញពីការបន្តការប្ដេជ្ញាចិត្តរបស់កម្ពុជា និងចិន ដើម្បីរួមចំណែកដល់ ការកសាងសហគមន៍វាសនារួមនៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ បណ្តាប្រទេសមេគង្គ-ឡានឆាងទាំងអស់៕

ដោយ ៖ សិលា


ចែករំលែក៖