ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានអះអាងថា អ៊ុយក្រែនបាត់បង់រថក្រោះនិងរថពាសដែករាប់រយគ្រឿងនៅក្នុងប្រតិបត្តិការវាយបកប៉ុន្មានថ្ងៃមកនេះ។ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា អំឡុងជំនួបជាមួយក្រុមអ្នកសារព័ត៌មាន និងអ្នកសរសេរប្លុកយោធារុស្ស៉ី ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀរ ពូទីន បានអះអាងថា កងកម្លាំងអ៊ុយក្រែនបានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រតិបត្តិការវាយបករបស់ខ្លួន។
លោក ពូទីន បានអះអាងថា អ៊ុយក្រែនបានបាត់បង់រថក្រោះ១៦០គ្រឿង និងរថពាសដែកផ្សេងទៀតប្រហែលជាង៣៦០គ្រឿង នៅក្នុងអំឡុងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានាពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈដែលខាងរុស្ស៉ីបានបាត់បង់រថក្រោះ និងរថពាសដែកសរុបតែ៥៤គ្រឿងប៉ុណ្ណោះ គិតចាប់តាំងពីពេលទីក្រុងកៀវបានបើកប្រតិបត្តិការវាយបកថ្មីរបស់ខ្លួន។ បើតាមលោកប្រធានាធិបតីរុស្ស៉ី ប្រតិបត្តិការវាយបកទ្រង់ទ្រាយធំរបស់អ៊ុយក្រែនបានចាប់ផ្តើមកាលពីថ្ងៃទី៤ ខែមិថុនា ប៉ុន្តែពុំទទួលបានជោគជ័យធំដុំនៅតំបន់ណាមួយឡើយ។ លោកបានអះអាងបន្ថែមទៀតថា ទីក្រុងកៀវបានបាត់បង់កងទ័ពច្រើនជាងទីក្រុងមូស្គដល់ទៅ១០ដង។
ការអត្ថាធិប្បាយរបស់លោក ពូទីន ពាក់ព័ន្ធនឹងស្ថានការណ៍សង្រ្គាមនៅអ៊ុយក្រែនដូចខាងលើនេះធ្វើឡើងបន្ទាប់ពីរុស្ស៉ីបានអះអាងថា កងកម្លាំងខ្លួនរឹបអូសបានរថក្រោះនិងរថពាសដែកទំនើបៗរបស់លោកខាងលិចដែលរងការខូចខាតក្នុងសមរភូមិ ក៏ដូចជាបន្ទាប់ពីការវាយប្រហារដោយមីស៉ីលរបស់រុស្ស៉ីទៅលើស្រុកកំណើតរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដែលបានផ្តាច់ជីវិតមនុស្សជាង១០នាក់ ក្រោយអគារស្នាក់នៅមួយខ្នងត្រូវមីស៉ីលបាញ់ចំ។
ពាក់ព័ន្ធប្រតិបត្តិការវាយបករបស់អ៊ុយក្រែន បើតាមការអះអាងរបស់លោក ហ្សេលេនស្គី វិញ គឺកងទ័ពរបស់លោកកំពុងបន្តទទួលបានភាពរីកចម្រើននៅឯសមរភូមិជួរមុខភាគខាងកើតនិងខាងត្បូងប្រទេស ដោយភូមិជាបន្តបន្ទាប់ត្រូវរំដោះបានយកមកវិញ។ ចំណែកមេបញ្ជាការយោធារបស់អ៊ុយក្រែន ក៏បានអះអាងផងដែរថា ខ្សែបន្ទាត់ការពាររបស់កងកម្លាំងរុស្ស៉ីកំពុងបន្តចុះទន់ខ្សោយ៕ ដោយ៖ ធីរីណា
រូបថត ៖ vtc.vn