ភ្នំពេញ ៖ បើយោងតាមព្រះរាជក្រឹត្យដែល អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”ទទួលបាននៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ គឺព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យដំឡើងឋានៈ លោក ប៊ិន ស៉ីនាថ ជំនួយការសម្ដេចតេជោ ហ៊ុន សែន ឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលប្រាក់បំណាច់មុខងារ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។
ក្នុងករណីនេះដែរ លោក ប៊ិន ស៉ីនាថ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានបង្ហោះលើ facebook ផ្លូវការ របស់ខ្លួនយ៉ាងដូច្នេះថា : ខ្ញុំបាទសូមគោរពថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅក្រៃលែងដ៏ខ្ពង់ខ្ពស់ជាទីបំផុតគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់កិត្តិយស ដល់ខ្ញុំបាទ ជាជំនួយការ សម្ដេចតេជោ មានឋានៈស្មើ “រដ្ឋលេខាធិការ” ។
ខ្ញុំបាទ សូមដឹងគុណជានិច្ច នូវការលះបង់ជីវិត ប្តូរមកនូវ “សន្តិភាព” ជូនជាតិមាតុភូមិ ។
គុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គទេសក៍ ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថេរភាពសង្គម និងអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ ។
ខ្ញុំសូមគោរពជូនសព្វសាធុការពរជ័យ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវពុទ្ធពរទាំងឡាយ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ សិលា