ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលអូស្ត្រាលីព្យាយាមរារាំងរុស្ស៊ីសាងសង់ស្ថានទូតថ្មីក្បែរអគាររដ្ឋសភា

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋាភិបាលអូស្រ្តាលី នៅថ្ងៃព្រហស្បតិ៍បាននិយាយថាខ្លួននឹងធ្វើបទបង្ហាញពីសេចក្ដីព្រាងច្បាប់មួយទៅកាន់សភាជាតិ ដើម្បីលុបចោលការជួលដីឱ្យរុស្ស៉ី សាងសង់ស្ថានទូតថ្មីមួយក្នុងរដ្ឋធានីកង់បេរ៉ា ក្រោមហេតុផលសន្តិសុខជាតិ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានគូសបញ្ជាក់ដូច្នេះថា «រដ្ឋាភិបាលទទួលបានការប្រឹក្សាយោបល់យ៉ាងច្បាស់លាស់ពីសន្តិសុខជាតិ ដោយសារតែហានិភ័យដែលស្ថានទូតថ្មីរបស់រុស្ស៉ីមានទីតាំងស្ថិតនៅក្បែរអគារសភាជាតិ…ដូច្នេះការសម្រេចចិត្តនៅថ្ងៃនេះគឺធ្វើឡើងដើម្បីប្រយោជន៍សន្តិសុខជាតិរបស់អូស្រ្តាលី»។ លោក Albanese បន្តទៀតថា រដ្ឋាភិបាលរបស់លោកបានធ្វើសកម្មភាពភ្លាមៗ ក្នុងគោលដៅធានាឱ្យបានថាទីតាំងត្រូវបានជួលនឹងមិនក្លាយជាវត្តមានទូតផ្លូវការណាមួយនោះទេ។
បើតាមរដ្ឋាភិបាលអូស្ត្រាលី ការលុបចោលការជួលដីសម្រាប់សាងសង់ស្ថានទូតថ្មីនឹងមិនបង្កផលប៉ះពាល់ដល់ស្ថានទូតរុស្ស៉ីដែលមានស្រាប់នៅក្នុងទីក្រុងកង់បេរ៉ានោះទេ ខណៈដែលសេចក្ដីព្រាងច្បាប់របស់រដ្ឋាភិបាលអូស្ត្រាលីត្រូវបានគេរំពឹងថានឹងទទួលបានការអនុម័តពីសភាជាតិទាំង២។ អូស្ត្រាលីជាប្រទេសមួយក្នុងចំណោមប្រទេសដែលកំពុងគាំទ្រអ៊ុយក្រែន ដោយគិតចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក ទីក្រុងកង់បេរ៉ាបានផ្ដល់ជំនួយរាប់លានដុល្លារដល់អ៊ុយក្រែន ហើយបានដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ៕ ដោយ៖ ធីរីណា

រូប​ថត​៖ EPA-EFE


ចែករំលែក៖