ភ្នំពេញ ៖ ទីបំផុតលោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានសម្រេចចេញដីកាឃុំខ្លួនស្ត្រីអាណិកជនខ្មែរម្នាក់ដែលរស់នៅប្រទេសញូវហ្សេឡេន ដាក់ពន្ធនាគារជាបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទឆបោក ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ ។
ដោយបានឃើញដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ២៣៨៣ អ.យ.ទ ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចបើកការស៊ើបសួរលើជនត្រូវចោទឈ្មោះ ហេង ស៊ូសាន ភេទស្រី អាយុ២៦ឆ្នាំ ជាជនជាតិខ្មែរ សញ្ជាតិញូវហ្សេឡេន មុខរបរបុគ្គលិកក្រុមហ៊ុនលក់ថ្មម៉ាប (ទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី) ដូច្នេះហើយទើបចៅក្រមស៊ើបសួរសម្រេចដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមការពិនិត្យពីបទឆបោក ក្លែងបន្លំ និងបទប្រើប្រាស់លិខិតក្លែង ដែលបទល្មើសមានចែងឱ្យផ្តន្ទាទោសតាមបញ្ញតិមាត្រា ៣៧៧ មាត្រា ៣៧៨ មាត្រា ៦២៦ មាត្រា ៦២៧ និងមាត្រា ៦២៨ នៃក្រមព្រហ្មទណ្ឌ ។
សូមជម្រាបថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបាននាំខ្លួនស្ត្រីអាណិកជនឡើងតុលាការពាក់ព័ន្ធការចោទប្រកាន់ពីបទឆបោក និងប្រើប្រាស់ឯកសារក្លែង ។ ជនសង្ស័យបានរងនូវចោទប្រកាន់ថា បានទទួលយកប្រាក់ចំនួន ៦៤.៤៦៤ដុល្លារអាមេរិកដើម្បីរត់ការនាំកូនដើមបណ្តឹងចេញទៅរៀននៅប្រទេសអូស្ត្រាលី តែមិនបានសម្រេចហើយក៏ស៊ីដាច់ប្រាក់នោះ ៕
ដោយ ៖ រ៉ារ៉ា