សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣បានផ្សាយថា អាជ្ញាធរនៅប្រទេសឥណ្ឌានិងប៉ាគីស្ថាន បានជម្លៀសប្រជាជនសរុបជាង១៥០,០០០នាក់ទៅកាន់កន្លែងមានសុវត្ថិភាព ស្របពេលដែលព្យុះស៉ីក្លូនមានឥទ្ធិពលខ្លាំងមួយ នឹងបោកបក់មកដល់ចន្លោះប្រទេសទាំងពីរនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ។
មន្រ្តីទទួលបន្ទុកប្រតិបត្តិការជួយសង្រ្គោះរបស់ឥណ្ឌាបានឱ្យដឹងថា អាជ្ញាធរបានជម្លៀសមនុស្សជាង៧៥,០០០នាក់ចេញពីសហគមន៍ដែលប្រឈមនឹងហានិភ័យខ្ពស់ក្នុងស្រុកចំនួន៨ដែលនៅជាប់ឆ្នេរសមុទ្រ ក្នុងរដ្ឋហ្គូចារ៉ាត់ (Gujarat)។ រីឯខាងប៉ាគីស្ថានវិញបានឱ្យដឹងថា ខ្លួនបានជម្លៀសប្រជាជនសរុបជិត ៨២,០០០នាក់ចេញពីតំបន់នៅក្បែរឆ្នេរភាគអាគ្នេយ៍ប្រទេសទៅកាន់ទីសុវត្ថិភាព។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ព្យុះស៉ីក្លូន Biparjoy ដែលត្រូវបានចាត់ថ្នាក់ជាព្យុះស៉ីក្លូនកម្រិតធ្ងន់ ត្រូវបានប្រទះឃើញនៅចម្ងាយខ្ទង់ ១៨០គីឡូម៉ែត្រពីកំពង់ផែ ចាខូ (Jakhau) នៃរដ្ឋ Gujarat និងចម្ងាយប្រហែល២៧០គីឡូម៉ែត្រពី ទីក្រុងការ៉ាជី (Karachi) របស់ប្រទេសប៉ាគីស្ថាន។
គិតត្រឹមពេលនេះ ព្យុះស៉ីក្លូនខាងលើមានកម្លាំងខ្យល់បក់ជាអតិបរមាចន្លោះពី១១៥-១៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ ទីភ្នាក់ងារផ្នែកឧតុនិយមឥណ្ឌាបានឱ្យដឹងថា គន្លងផ្លូវធ្វើដំណើររបស់ព្យុះ Biparjoy មិនមានការប្រែប្រួលទេ ដោយវានៅតែត្រូវបានរំពឹងថា នឹងមកដល់ក្បែរកំពង់ផែ Jakhau ចន្លោះក្រុងម៉ាន់ឌ្វី (Mandvi) ក្នុងរដ្ឋ Gujarat និងទីក្រុង Karachi អំឡុងពេលល្ងាចថ្ងៃព្រហស្បតិ៍នេះ៕
ដោយ៖ ធីរីណា(រូបថត ៖ NASA)