ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នេះ បានបើកការស៊ើបសួរ លើសំណុំរឿងស្ត្រីម្នាក់ជាកូនតុងទីន ពាក់ព័ន្ធករណីចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់”សែកស្អុយ”ប្រមាណ៣០ ម៉ឺនដុល្លារអាមេរិក ។
បន្ទាប់ពីត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួនជនសង្ស័យកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចហាងកាហ្វេក្រោន ពោធិ៍ចិនតុង សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ពាក់ព័ន្ធពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពោលគឺប្រើប្រាស់មូលប្បទានប័ត្រគ្មានសាច់ប្រាក់”សែកស្អុយ”ចំនួន៣០ ម៉ឺនដុល្លារអាមេរិក ។
ជនសង្ស័យមានឈ្មោះ សារ៉ាន សុជាតា ភេទស្រី អាយុ៣៦ ឆ្នាំ មុខរបរ អ្នករកស៊ី ស្នាក់នៅផ្ទះលេខB៦០.៦២ ផ្លូវលេខ៧២២A សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមសមត្ថកិច្ចឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យគឺបានអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួន របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងទៅលើពាក្យបណ្តឹង របស់ឈ្មោះ គង់ ណាក់នីន ។ អង្គហេតុក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា នៅក្នុងអំឡុងឆ្នាំ២០២២ ឈ្មោះ សារ៉ាន សុជាតា បានទំនាក់ទំនងជាមួយដើមបណ្តឹង ដោយនិយាយអង្វរសុំខ្ចីប្រាក់ចំនួន៣០ ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅធ្វើដើមទុនរកស៊ីជាបន្ទាន់ ហើយឈ្មោះ សារ៉ាន សុជាតា បានចេញមូលប្បទានប័ត្រមួយសន្លឹកដែលមានទឹកប្រាក់ចំនួន ៣០ម៉ឺនដុល្លារអាមេរិក ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ។ មូលប្បទានប័ត្រនោះតម្រូវឲ្យដើមបណ្តឹងទៅបើកប្រាក់ នៅធនាគារវឌ្ឍនៈអាស៊ីចំកាត់ ដោយមាន ការជឿទុកចិត្តរាប់អានគ្នា ទើបដើមបណ្តឹងបានប្រគល់ប្រាក់ឲ្យទៅជនសង្ស័យគ្រប់ចំនួន ។ លុះដល់ថ្ងៃកំណត់ ដើមបណ្តឹងបានយកមូលប្បទានប័ត្រនោះទៅបើកប្រាក់ ស្រាប់តែខាងធនាគារបញ្ជាក់ថា មូលប្បទានប័ត្រនេះពុំមានសាច់ប្រាក់ទេ ។ ចាប់ពីពេលនោះមកដើមបណ្តឹងបានទំនាក់ទាក់ទៅជនសង្ស័យ តែមិនអាចទាក់ទងបាន ព្រមទាំងគេចខ្លួនមិនចូលដោះស្រាយបំណុល ដែលខ្ចីដើមបណ្តឹងនោះទេ ម្លោះហើយទើបដើមបណ្តឹងដាក់ពាក្យប្តឹងសមត្ថកិច្ចឲ្យជួយចាត់ការតាមផ្លូវច្បាប់ ។ លើសពីនេះជនសង្ស័យឈ្មោះ សារ៉ាន សុជាតា ជាកូនតុងទីនម្នាក់ ដែលលេងជាមួយដេីមបណ្តឹង និងបានដេញប្រមូលយកប្រាក់អស់ ហើយគេចខ្លួន ដោយមិនបានបង់ឲ្យមេវិញទេ ធ្វើឲ្យមេតុងទីនរកលុយសងជំនួសជាច្រេីន រហូតថាមេតុងទីនបោកកូនតុងទីន ប៉ុន្តែដូចឃើញស្រាប់ហើយ ប៉ុន្មានករណីកន្លង មកនេះ កូនតុងទីនទេដែលបោកមេតុងទីន និងបានប្រមូលទឹកលុយច្រើនៗ ដូច្នេះចង់និយាយថា មិនប្រាកដមេតុងទីនទាំងអស់សុទ្ធតែអាក្រក់នោះទេ កូនតុងទីនមួយចំនួនទេ ដែលធ្វើបាបមេតុងទីនឲ្យចេញសងជំនួសក្នុងទឹកប្រាក់ជាច្រេីន រហូតទាល់តែជំពាក់កូនតុងទីនវិញ ហើយត្រូវគេប្តឹងផ្តល់ដាក់គុកថែមទៀតផង ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចទុកពេល ឲ្យជួបដោះស្រាយបំណុលជាមួយដើមបណ្តឹងដែរ តែទំនងដោយគ្មានលទ្ធភាពរកប្រាក់ពុំបាន ទើបត្រូបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕
ដោយ ៖ រ៉ារ៉ា