កន្លងមកថ្មីៗ រុស្ស៊ីនិងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមានតម្លៃរាប់សិបពាន់លានដុល្លារ ធ្វើឱ្យលោកខាងលិចភ្ញាក់ផ្អើលយ៉ាងខ្លាំងពីទំនាក់ទំនងរឹងមាំរបស់ប្រទេសទាំងពីរ ពិសេសគឺបុគ្គលពូទីន និងស៊ី ជីនពីង ដែលអាចកាន់អំណាចដឹកនាំប្រទេសនិងពិភពលោកយូរអង្វែង។
សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣បានផ្សាយថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន បានធ្វើការស្ងើចសរសើរចំពោះលោក ស៉ី ជីនពីង ដែលរូបលោកបានហៅថាជា «មិត្តសម្លាញ់» ក្នុងសារជូនពរមួយដើម្បីអបអរឱកាសខួបឈានចូលវ័យ៧០ឆ្នាំរបស់លោកប្រធានាធិបតីចិន។
លោក ពូទីន បានប្រាប់លោក ស៉ី ជីនពីង យ៉ាងដូច្នេះថា «អ្នកបានខំប្រឹងប្រែងជាខ្លាំង ដើម្បីលើកកម្ពស់ភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសរុស្ស៉ីនឹងចិន ដែលប៉ុន្មានឆ្នាំចុងក្រោយនេះបានមើលឃើញកិច្ចសហប្រតិបត្តិការកាន់តែស៉ីជម្រៅ។ នៅក្រោមការដឹកនាំរបស់អ្នក សាធារណរដ្ឋប្រជាមានិតចិន សម្រេចបាននូវជោគជ័យដ៏អស្ចារ្យជាច្រើន ដោយសេដ្ឋកិច្ចកំពុងបង្ហាញកំណើនឋិតថេរ សុខុមាលភាពរបស់ប្រជាជនក៏កាន់តែល្អប្រសើរ ហើយគោលជំហររបស់ទីក្រុងប៉េកាំងនៅលើពិភពលោកកាន់តែរឹងមាំខ្លាំងឡើងៗ។»
មេដឹកនាំនៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធនឹងគ្នា ខណៈដែលទីក្រុងមូស្គូ ដែលត្រូវក្រុមលោកខាងលិចព្រួតគ្នាដាក់ទណ្ឌកម្ម និងព្យាយាមធ្វើឱ្យនៅឯកោ ដោយសារតែវិបត្តិសង្រ្គាមនៅអ៊ុយក្រែន បានងាកមករកទីក្រុងប៉េកាំងកាន់តែខ្លាំង។ កាលពីខែមីនា ឆ្នាំនេះ លោក ស៉ី បានធ្វើដំណើរទៅដល់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាផ្ទាល់ជាមួយលោក ពូទីន ដែលជាលើកដំបូងចាប់តាំងពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ីបានផ្ទុះឡើងនៅអ៊ុយក្រែន៕
ដោយ៖ ធីរីណា(រូបថត៖ AP)