ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរងខេត្តស្វាយរៀងចុះ ពិនិត្យទីតាំងដើម្បី កសាងទីបញ្ជាការស្រាលក្នុងការអនុវត្តវិធានការទប់ ស្កាត់បទល្មើសព្រៃឈើនិងការរុករានទន្ទ្រានយកដី រដ្ឋ ស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ម៉ែន អេង អភិបាលរងខេត្ត ស្វាយរៀងនិងជាប្រធានគណៈបញ្ជាការគ្រប់គ្រង ដឹកនាំកម្លាំងទប់ស្កាត់បទល្មើសព្រៃឈើ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក នារសៀល ថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០២៣ នេះបានអញ្ជើញចុះ ពិនិត្យទីតាំងដើម្បីកសាងទីបញ្ជាការស្រាលក្នុងការ អនុវត្តវិធានការទប់ស្កាត់បទល្មើសព្រៃឈើនឹងការរុករានទន្ទ្រានយកដីរដ្ឋស្ថិតក្នុងឃុំក្រសាំងឃុំអណ្តូង ត្របែកនិងឃុំត្រស់ស្រុករមាសហែកខេត្តស្វាយរៀង។

ក្នុងឱកាសនោះក៏មានការចូលរួមពីលោកស្នងការរង នគរបាលខេត្តស្វាយរៀង លោកអភិបាលរងស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការកង រាជអាវុធហត្ថស្រុក កងកំលាំងយោធាស្រុក លោក ស្រីមេឃុំត្រស់និងអណ្ដូងត្របែក មន្ត្រីរដ្ឋបាល ព្រៃឈើនិងសមត្ថកិច្ចដែលពាក់ពន្ធ័ជាច្រើននាក់ ផងដែរ។

បើតាមលោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានឲ្យដឹងថា ទីបញ្ជាការស្រាលដែលកំពុងសាងសង់នៅពេលនេះគឺស្ថិតនៅក្នុងភូមិត្រពាំងស្មាច់ ឃុំអណ្តូងត្របែក ស្រុករមាសហែក ធ្វើអំពីឈើ និងដំបូលប្រក់ស័ង្កសីដែលមានទំហំ ៦ម៉ែត្រគុណ១២ ម៉ែត្ររួមមានបន្ទប់ទឹក អណ្ដូងទឹកនិងតង់សម្រាប់ឲ្យកម្លាំងចម្រុះស្នាក់នៅដើម្បីប្រចាំការផងដែរ។

លោកបានបន្តឲ្យដឹងទៀតថា ចំពោះការចំណាយគឺជារបស់រដ្ឋបាលខេត្តហើយការប្រចាំការវិញមន្ត្រីនៅទីបញ្ជាការស្រាលគឺនៅប្រចាំការរហូតទាល់តែធ្វើការបោះព្រំដីរួចរាល់ជាស្ថាពរទើបដកកម្លាំងត្រឡប់មកវិញ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១២ខែមិថុនាឆ្នាំ ២០២៣ រដ្ឋបាលខេត្តស្វាយរៀងបានចេញសេចក្តីសម្រេចស្ដីពីការបង្កើតគណៈបញ្ជាការគ្រប់គ្រងដឹកនាំកម្លាំងទប់ស្កាត់បទល្មើសព្រៃឈើលេខ ០៧៩/២៣ស.ស.រ សម្រេចត្រូវបានបង្កើតគណៈបញ្ជាការក្នុងការអនុវត្តវិធានការទប់ស្កាត់បទល្មើសព្រៃឈើការរុករានទន្ទ្រានយកដីរដ្ឋស្ថិតក្នុងឃុំក្រសាំង ឃុំអណ្ដូងត្របែក និងឃុំត្រស់ ស្រុករមាសហែកខេត្តស្វាយរៀងដែលមានលោក ម៉ែន អេង ជាប្រធានហើយមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទជាសមាជិក.លោកអភិបាលស្រុករមាសហែកព្រមទាំងប្រធានមន្ទីរនានាដែលមានការពាក់ព័ន្ធជាច្រើនអង្គភាពទៀតដើម្បីទប់ស្កាត់បទល្មើសព្រៃឈើនៅស្រុករមាសហែកខេត្តស្វាយរៀង ៕

ដោយ៖ សុថាន


ចែករំលែក៖