ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកឡិចសុីសបុករថយន្តកូរ៉េដឹកទំនិញពេញទំហឹងបណ្តាលឱ្យតៃកុងម្នាក់គាបជាប់ក្នុងរថយន្ត​រងរបួសធ្ងន់

ចែករំលែក៖

​   ខេត្តកណ្តាល​ ៖​ បុរសម្នាក់បានបេីករថយន្តស៊េរីទំនើបម៉ាក Lexus​ LS 460L ក្នុងល្បឿនយ៉ាងលឿន រួចរេចង្កូតមកខាងឆ្វេងដៃឆ្លងគន្លងផ្លូវជ្រុលទៅបុករថយន្តកូរ៉េដឹកទំនិញដែលបើកបញ្រ្ចាសគ្នាចំពីមុខយ៉ាងពេញទំហឹងបណ្តាលឱ្យរថយន្តឡិចសុីសផុងមួយកំណាត់មុខគាបជាប់តៃកុងរងរបួសធ្ងន់​ត្រូវបានពលរដ្ឋជួយគាស់ចេញមកក្រៅដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ​ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។

​    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកេីតហេតុ​គេឃេីញរថយន្តឃ្លុប​ម៉ាកហ៊ីយ៉ាន់ដាយ​ ដឹកទំនិញ​ ពណ៌ស​មួយគ្រឿង​ពាក់ផ្លាកលេខកំពង់ស្ពឺ 3A-5329បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីកើតទៅលិចដោយប្រើល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀត​ ម៉ាក Lexus LS 460L ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ​2U-1440 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅបញ្រ្ចាសគ្នាពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន​ ហេីយក៏រេចង្កូតមកខាងឆ្វេងដៃឆ្លងគន្លងផ្លូវជ្រុលទៅបុករថយន្តកូរ៉េដឹកទំនិញចំពីមុខចំហៀងខាងឆ្វេងពេញទំហឹងបណ្តាលឱ្យរថយន្តកូរេ៉ខូចខាតយ៉ាងដំណំ ចំណែករថយន្ត Lexus Ls460Lវិញបានផុងមួយកណាត់មុខខូចខាតទាំងស្រុងនិងគាបជាប់តៃកុងក្នុងកាប៊ីនផងដែរ​ ត្រូវបានពលរដ្ឋជិតខាងជួយគាស់ទ្វារយកចេញមកខាងក្រៅនិងទាក់ទងទៅខាងរថយន្តសាមុយឯកជនមួយកន្លែងមកដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ 

​     ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែងយករថយន្តទាំង ២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្ដាល​ ដើម្បីរង់ចាំឱ្យភាគីចូលមកធ្វើការដោះស្រាយគ្នានៅពេលក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖