ព័ត៌មានទាន់ហេតុការណ៍៖

លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាងអញ្ជើញចុះពិនិត្យការដាក់គ្រឿងចក្រជីកកាយដាក់ប្រព័ន្ធលូថ្មី ស្ថិតនៅផ្លូវ៥៨ប៉េ ក្នុងភូមិរោងចក្រនិងភូមិដីថ្មី

ចែករំលែក៖

.  ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ លោកញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាងនិងលោកមេភូមិដីថ្មី បានដឹកនាំក្រុមកាងារអញ្ជើញចុះពិនិត្យការដាក់គ្រឿងចក្រជីកកាយដីដាក់ប្រព័ន្ធលូថ្មី ស្ថិតនៅផ្លូវ៥៨ប៉េ ក្នុងភូមិរោងចក្រ និងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

   លោកញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាងបានអោយដឹងថា ការស្ថាបនាផ្លូវបេតុង១ខ្សែនេះចាប់ពីផ្លូវលេខ១០១៩(មហាវិថីភ្នំពេញហាណូយ) រហូតដល់ផ្លូវលេខ២០១១ដែលមានប្រវែង១,៨៥៥ម៉ែត្រ ទទឹង៨ម៉ែត្រនិងកម្រាស់០,២០ម៉ែត្រ ហើយការដាក់ប្រព័ន្ធលូថ្មអមសងខាងផ្លូវនេះគឺជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ។

     លោកចៅសង្កាត់គោកឃ្លាងបានបន្តអោយដឹងថា ក្នុងនាមអាជ្ញាធរសង្កាត់ក៏ដូចជាខណ្ឌសែនសុខសូមអធ្យាស្រ័យដល់បងប្អូនប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ និងអ្នកធ្វើដំណើរសូមចូលរួមសហការនិងយោគយល់អធ្យាស្រ័យចំពោះដំណើរការការដ្ឋាននេះ។  

    សូមរំលឹកថា កាលពីពេលថ្មីៗនេះអាជ្ញាធរខណ្ឌសែនសុខដឹកនាំដោយលោកម៉ូវ ម៉ានិត អភិបាលខណ្ឌ លោកញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង និងមន្ត្រីជំនាញបានចេញសេចក្តីជូនដំណឹងស្តីពីកាបើកការដ្ឋានជួសជុលផ្លូវបេតុងសរសៃដែក និងដាក់ប្រព័ន្ធលូសងខាងផ្លូវ តាមបណ្តោយផ្លូវ៥៨ប៉េ( ផ្លូវដីថ្មី) ចាប់ពីផ្លូវលេខ១០១៩ ដល់ផ្លូវលេខ២០១១ ស្ថិតក្នុងភូមិរោងចក្រនិងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញបន្តទៀត៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖