ខេត្តកំពង់ចាម ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា មិនដែលសន្យាខ្យល់ ដូចគណបក្សនយោបាយមួយចំនួននោះទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខកម្មករ កម្មការិនី នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដឹកនាំរាជរដ្ឋាភិបាលមានគោលដៅជាក់លាក់ឆ្ពោះទៅមុខជានិច្ច ទោះបីជាជំហានគីង្គក់តែទៅមុខជានិច្ច ពោលគឺសន្សឹមៗទៅមុខជាលំដាប់។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា មិនដូចជំហានយក្សរបស់ប៉ុល ពត នោះទេគឺមិនអាចទៅរួចទេ។ គណបក្សប្រជាជនកម្ពុជា ធ្វើការងារសន្សឹមៗទៅតាមលទ្ធភាពដែលធ្វើទៅរួច ប៉ុន្ដែបើងាកទៅក្រោយវិញ កម្ពុជាយើងមានការផ្លាស់ប្ដូររីកចម្រើនច្រើនណាស់។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថាការសម្រេចចិត្តក្នុងការធ្វើពិសោធនកម្មច្បាប់បោះឆ្នោត គឺឆ្លើយតបទៅនឹងក្រុមប្រឆាំង ដែលចង់ធ្វើវិធង្សនានៅពេលបោះឆ្នោតខាងមុខ។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ពិសោធនកម្មច្បាប់បោះឆ្នោតបានទៅដល់សភាហើយកាលពីថ្ងៃម្សិលមិញ។
សម្ដេចថា ការដែលជំរុញឲ្យរដ្ឋាភិបាលរៀបចំពិសោធនកម្មច្បាប់បោះឆ្នោតនេះគឺដើម្បីឆ្លើយតបទៅនឹងក្រុមប្រឆាំងដែលចង់ធ្វើវិធង្សសនាក្នុងពេលបោះឆ្នោតនាពេលខាងមុខ។
សម្ដេចថា៖ «អញ្ចឹងចាំមើលតើគេធ្វើអ្វីទៀត? សម្រាប់យើងអ្វីដែលយើងចង់បានគឺការបោះឆ្នោតមួយដែលមិនរំខានដោយពួកណាក៏ដោយ»។
សម្ដេចបានលើកឡើងថាការរារាំងពលរដ្ឋមិនឲ្យទៅបោះឆ្នោតគឺមិនមែនជារឿងដែលល្អនោះទេ៕
ដោយ ៖ សិលា