ព័ត៌មានទាន់ហេតុការណ៍៖

(គ.ជ.ប) ផ្ញើសារលិខិតថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងទិវាដ៏សោមនស្សរីករាយ នាឱកាសព្រះរាជពិធីចម្រើនព្រះជន្ម

ចែករំលែក៖

ភ្នំពេញ ៖ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល

សម្ដេចព្រះមហាក្សត្រី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត !

ក្នុងទិវាដ៏សោមនស្សរីករាយ នាឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ព្រះជន្ម ៨៧ យាងចូល ៨៨ ព្រះវស្សា ខាងមុខនេះ ទូលព្រះបង្គំជាខ្ញុំ និងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមព្រះបរមរាជានុញ្ញាតថ្វាយព្រះពរបវរមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមទ្រង់ មានព្រះបញ្ញាញាណឈ្លាសវៃ ព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បី ទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ ដល់ប្រជារាស្ត្រខ្មែរគ្រប់រូប ។

ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវកតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតចំពោះ ព្រះមហាករុណា ទីគុណដ៏ធំធេង និងព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ក្នុងព្រះរាជសកម្មភាពរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ ដែលបានលះបង់ព្រះរាជកាយពល ព្រះរាជបញ្ញាញាណ ព្រមទាំងព្រះរាជទ្រព្យផ្ទាល់ព្រះកាយ ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ នាំមកនៅសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍ ។

ជាថ្មីម្តងទៀត ក្នុងឱកាសដ៏មង្គលាភិរម្យឧត្តុង្គឧត្តមថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាត លើកហត្ថប្រណម្យបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មហិទ្ធិឫទ្ធិបុណ្យបារមី ដ៏ខ្លាំងក្លានៃទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយអភិបាលគ្រងរក្សា សម្ដេចព្រះ មហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមទ្រង់ប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខែ្មរក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ទ្រង់ព្រះមេត្តាទទួលនូវគារវភក្ដីភាព និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា ៕

ដោយ ៖ សិលា


ចែករំលែក៖