ខេត្តកំពង់ចាម៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាទៅដល់អាជ្ញាធរនៅក្នុងខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ ឲ្យមានការប្រុងប្រយ័ត្ន និងត្រួតពិនិត្យនៅតាមមូលដ្ឋានដោយបារម្ភពីការរត់ចូលមកកម្ពុជាពីសំណាក់ពួកបះបោរនៅវៀតណាម។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាប្រសិនជារកឃើញគឺត្រូវតែចាប់បញ្ជូនទៅវៀតណាមវិញ។
ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជិត២ ម៉ឺននាក់ក្នុងស្រុកជើងព្រៃខេត្តកំពង់ចាម ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន ការបះបោរនៅវៀតណាមដែលបានសម្លាប់មន្ត្រីវៀតណាមជាច្រើននាក់បង្កជាការព្រួយបារម្ភដល់ប្រទេសជិតខាង ខណៈសម្ដេចបានបញ្ជារឲ្យអាជ្ញាធរខេត្តជាប់ព្រំដែនវៀតណាមធ្វើការសហកតជាមួយវៀតណាមស្រាវជ្រាវដើម្បីចាប់បញ្ចូនក្រុមទាំងនេះទៅវៀតណាមវិញ។
សម្ដេចបានដាក់ការសង្ស័យថាអាចមានមេខ្លោងនៅក្នុងប្រទេសកម្ពុជា និងចាត់ទុកក្រុមបះបោរនេះជាក្រុមភារវករផងដែរ។
សម្ដេចថា៖ «កម្ពុជាមិនអនុញ្ញាតឲ្យជនបរទេសណាមួយយកទឹកដីកម្ពុជាដើម្បីធ្វើការប្រឆាំងជាមួយនឹងបរទេសឡើយ»។
ជាមួយគ្នានេះសម្ដេចក៏បានព្រមានទៅដល់អង្គការអន្តរជាតិ ឬពលរដ្ឋកម្ពុជាទាំងឡាយណាដែលឃុបឃិតឲ្យក្រុមនេះចូលកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដាក់ការសង្ស័យថា មេពួកឧទ្ទាម ដែលបានវាយឆ្មក់ ដល់អាជ្ញាធរវៀតណាមដោយប្រដាប់អាវុធ កាលពីប៉ុន្មានថ្ងៃនេះ អាចកំពុងនៅទឹកដីកម្ពុជា ដូច្នេះសម្តេច សូមដាក់បទបញ្ជាយ៉ាងជាក់លាក់ឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ជាពិសេសខាងទិសភូមិភាគទី១ តែម្តង។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កាលពីប៉ុន្មានថ្ងៃមុន មានកងកម្លាំងប្រដាប់អាវុធមួយក្រុមដែលជាជនជាតិភាគតិច បានលួចវាយឆ្មក់ដោយប្រដាប់អាវុធសម្លាប់នគរបាល មេឃុំ និងមេបក្សឃុំរបស់វៀតណាម ជាច្រើននាក់ចំនួនពីរទីតាំងដាច់ដោយឡែក ដោយពួកក្រុមឧទ្ទាមទាំងនោះកំពុងលាក់ខ្លួន ហើយអាចឆ្លងចូលទឹកដីកម្ពុជាផងដែរ ដូច្នេះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់នៅកម្ពុជាត្រូវតែសហការគ្នាជាមួយអាជ្ញាធរវៀតណាមធ្វើកិច្ចការងារនេះឲ្យបានច្បាស់លាស់ ខណៈបញ្ហានេះ គឺជាករណីភេរវកម្ម ដោយមិនត្រូវធ្វេសប្រហែសនោះឡើយ។
ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានដាក់បទបញ្ជាឲ្យមានការត្រួត ពិនិត្យឲ្យបានច្បាស់លាស់ចំពោះជនជាតិភាគតិចម៉ុងតាញ៉ា ដែលកំពុងស្នាក់នៅប្រទេសកម្ពុជា ដើម្បីធ្វើការសម្ភាសន៍ត្រៀមខ្លួនទៅប្រទេសទីបីនោះ បើពេលនេះសម្ភាសន៍មិនជាប់ទេគប្បីបញ្ជូនពួកគេឲ្យទៅភាគីវៀតណាមវិញ ខណៈពួកនេះកំពុងស្ថិតនៅការសង្ស័យជាបក្សពួកក្រុមឧទ្ទាមដែលបានស្លាប់អាជ្ញាធរវៀតណាមនោះដែរ។
ទាក់ទងនឹងករណីជនជាតិភាគតិចម៉ុងតាញ៉ានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅក្រុមអង្គការសិទ្ធិមនុស្សមួយចំនួន និងប្រទេសលោកខាងលិចកុំនិយាយរិះគន់ និងថ្កោលទោសថាកម្ពុជារំលោភសិទ្ធិមនុស្សឲ្យសោះ ដោយកម្ពុជាធ្វើបែបនេះ ចំពោះជនជាតិភាគតិចម៉ុងតាញ៉ាទាំងនោះគឺដើម្បីការពារនូវអធិបតេយ្យភាពរបស់ខ្លួន និងការពារនូវសន្តិសុខ សណ្តាប់ធ្នាប់ប្រទេសកម្ពុជាតែប៉ុណ្ណោះ ខណៈបញ្ហានេះមិនមែនជាការលេងសើចនោះទេ វាអាចជាករណីភេរវកម្ម៕
ដោយ ៖ សិលា