ក្រុមជើងឯក Manchester City នឹងចាប់ផ្តើមរដូវកាល Premier League នៅថ្ងៃសុក្រ ទី១១ ខែសីហា ដោយប៉ះក្រុម Burnley ដែលគ្រប់គ្រងដោយអតីតប្រធានក្រុមលោក Vincent Kompany។ រីឯការប្រកួតលីកកំពូលលើកដំបូងរបស់ Luton Town ចាប់តាំងពីឆ្នាំ១៩៩២គឺប៉ះ Brighton មួយថ្ងៃក្រោយមក នៅពេលដែលក្លិបមួយនេះឡើងមកពីលីកទី២ជាមួយ Sheffield United ដែលត្រូវប៉ះក្រុមភ្ញៀវ Crystal Palace ។
រជ្ជកាលរបស់លោក Mauricio Pochettino ក្នុងនាមជាអ្នកចាត់ការក្លិបតោខៀវ Chelsea ចាប់ផ្តើមដឹកនាំដោយត្រូវប៉ះក្រុមភ្ញៀវ Liverpool នៅថ្ងៃអាទិត្យទី១៣ ខែសីហា ខណៈដែលគ្រូបង្វឹក Tottenham ថ្មីលោកAnge Postecoglou នាំក្រុមរបស់គាត់ទៅប្រកួតជាមួយក្រុម Brentfordនៅថ្ងៃនោះដែរ។ ចំណែកក្រុមបិសាចក្រហម Manchester United ចាប់ផ្តើមរដូវកាលជាមួយក្រុម Wolves នៅ Old Trafford នៅថ្ងៃទី១៤ ខែសីហា។
ក្រុម Manchester City ដែលកំពុងអបអរពានរង្វាន់បន្ទាប់ពីឈ្នះ Premier League, Champions League និង FA Cup ក្នុងឆ្នាំ២០២២–២០២៣ ឥឡូវនេះកំពុងសម្លឹងមើលក្លាយជាក្រុមអង់គ្លេសដំបូងគេដែលឈ្នះពាន៤ឆ្នាំជាប់ៗគ្នា។
ក្រុមរបស់លោក Pep Guardiola បានឈ្នះពាន Premier League ក្នុងរយៈពេល៥ដងក្នុងចំណោម៦រដូវកាលកន្លងមក។ អ្នកចាត់ការក្រុម Burnley លោក Kompany បានចំណាយពេល១១ឆ្នាំនៅ Man City ដោយបានឈ្នះពានរង្វាន់លីកចំនួន៤។
រដូវកាល Premier League ២០២២–២០២៣ នឹងបញ្ចប់នៅថ្ងៃអាទិត្យទី១៩ ខែឧសភា ឆ្នាំ២០២៤។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ Premier League បានឲ្យដឹងថា ខ្លួនបានប្តេជ្ញាចិត្តក្នុងការផ្តល់ឱ្យអ្នកគាំទ្រនូវការជូនដំណឹងយ៉ាងហោចណាស់៦សប្តាហ៍លើការជ្រើសរើសការចាក់ផ្សាយរហូតដល់ខែធ្នូ ឆ្នាំ២០២៣ និងរយៈពេល៥សប្តាហ៍ចាប់ពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។
កាលបរិច្ឆេទប្រកួតរដូវកាលថ្មីរួមមាន៖
–ថ្ងៃទី១១ ខែសីហា ៖ ក្រុម Burnley ប៉ះ Manchester City វេលាម៉ោង២រំលងអធ្រាត្រ។
–ថ្ងៃសៅរ៍ ទី១២ ខែសីហា ៖ Arsenal ប៉ះ Nottingham Forestម៉ោង៦និង៣០នាទីល្ងាច, Bournemouth ប៉ះ West Ham, Brighton ប៉ះ Luton Town, Everton ប៉ះ Fulham, Sheffield United ប៉ះ Crystal Palace, Newcastle United ប៉ះ Aston Villa ក្រុមទាំងនេះលេងនៅវេលាម៉ោង៩យប់ដំណាលគ្នា។
–ថ្ងៃអាទិត្យ ទី១៣ ខែសីហា ៖ Brentford ប៉ះ Tottenham Hotspur លេងម៉ោង៨យប់, Chelsea ប៉ះ Liverpool លេងម៉ោង១០និង៣០នាទីយប់។
–ថ្ងៃចន្ទ ទី១៤ ខែសីហា ៖ Manchester United ប៉ះ WolverhamptonWanderers លេងម៉ោង២រំលងអធ្រាត្រម៉ោងនៅកម្ពុជា ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport/Sky Sport)