ភ្នំពេញ ៖ អ្នកសារព័ត៌មាន គួរពង្រឹង និងប្រកាន់ខ្ជាប់នូវក្រមសីសធម៌វិជ្ជាជីវៈរបស់ខ្លួនជានិច្ច ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ នេះជាយ័ន្តការពារ ដែលមិនប្រឈមទៅនឹងទោសទណ្ឌ ណាមួយឡើយ។ ម្យ៉ាងទៀតអ្នកសារព័ត៌មាន ត្រូវមានចំណេះដឹង ការគិតពិចារណា ថ្លឹងថ្លែង ដោយប្រើប្រាស់ គំនិត បច្ចេកទេសជំនាញ ថាតើត្រូវ ថតឬមិនថត សរសេរឬមិនសរសេរ ចំពោះករណីខ្លះដែលកើតមានក្នុងសង្គម?
ក្រមសីលធម៌វិជ្ជាជីវៈ ៥យ៉ាង ដែលអ្នកសារព័ត៌មានគ្រប់រូបគួរអនុវត្តន៍តាម
១.ការស្វែងរក និងរាយការណ៍ព័ត៌មានដែលពិត
-រាល់ការសរសេរ ការនិយាយព័ត៌មានទាំងឡាយណា អ្នកសារព័ត៌មានត្រូវប្រកាន់ជំហរនូវភាពត្រឹមត្រូវជានិច្ច។
-ត្រូវបែងចែកឲ្យដាច់រវាងព័ត៌មាន និងការបញ្ចេញមតិយោបល់ផ្ទាល់ខ្លួន ដើម្បីញែកឲ្យដាច់ពីគ្នារវាងហេតុការណ៍ -និងការបញ្ចេញមតិ។
-រាល់ការបញ្ចេញមតិ ឬ រិះគន់ ត្រូវធ្វើឡើងដោយភាពថ្លៃថ្នូរ និងគោរពសិទ្ធិអ្នកដទៃ។
-រាយការណ៍តែហេតុការណ៍ណាដែលបានឃើញ និងដឹងប្រភពច្បាស់លាស់ ដើម្បីផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវ។
-អ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានពិត មិនលំអៀង និងច្បាស់លាស់ដល់សាធារណជន ដើម្បីកុំឲ្យមហាជនមានភាពភាន់ច្រឡំ។
-អ្នកសារព័ត៌មានគួរផ្តល់ឱកាសដល់គ្រប់ភាគីដែលពាក់ព័ន្ធក្នុងសាច់រឿង។
-ព្យាយាមស្វែងរក និងផ្តល់ឱកាសដល់អ្នកមានភាពពាក់ព័ន្ធក្នុងសាច់រឿង ដើម្បីឲ្យពួកគេបានបកស្រាយនូវបញ្ហាដែលពាក់ព័ន្ធនឹងរូបគេ ឬ បទចោទប្រកាន់ណាមួយដែលធ្វើឡើងដោយភាគីម្ខាងទៀត។
២.ការទទួលខុសត្រូវ
-អ្នកសារព័ត៌មាន ត្រូវទទួលខុសត្រូវចំពោះការផ្សាយដែលខុសពីការពិត ហើយត្រូវចុះផ្សាយកែតម្រូវអនុលោមតាមច្បាប់របស់អ្នកសារព័ត៌មាន។
-អ្នកសារព័ត៌មានត្រូវប្រកាន់នូវភាពថ្លៃថ្នូរ ចៀសវាងការធ្វើឲ្យខូចប្រយោជន៍ ឬ ធ្វើឲ្យបែកបាក់សាមគ្គីភាពរបស់អ្នកសារព័ត៌មាន។
៣.ប្រភព
-ក្នុងករណីប្រភពស្នើសុំមិនបង្ហាញអត្តសញ្ញាណរបស់ខ្លួន អ្នកសារព័ត៌មានគួរធ្វើតាម មិនត្រូវបង្ខំ ឬ បង្ហាញមុខប្រភពដោយគ្មានការអនុញ្ញាតឡើយ។
៤.សិទ្ធិបុគ្គលឯកជន
-អ្នកសារព័ត៌មានត្រូវគោរពសិទ្ធបុគ្គលតាមគោលការណ៍ច្បាប់។
៥.ការរើសអើង
-អ្នកសារព័ត៌មានត្រូវជៀសវាងការប្រើពាក្យរិះគន់ ឬ សេចក្តីបញ្ជាក់នានា ដែលនាំឲ្យមានគ្រោះថ្នាក់ដល់ជនដែលមានពិការភាព ឬ អ្នកជំងឺផ្លូវកាយ និងផ្លូវចិត្ត។
អ្នកសារព័ត៌មានគួរចៀសវាងការសរសេរដែលមានពាក្យពេចន៍សម្អប់ បុរេវិនិច្ឆ័យ ប្រើអាកប្បកិរិយាមើលងាយ និងប្រកាន់ពូជសាសន៍ យេនឌ័រ ភេទ ភាសា សាសនា នយោបាយ ពិការភាពរាងកាយ ពិការភាពស្មារតី។
ទាំងនេះ គឺគ្រាន់តែជាការដកស្រង់នូវក្រមសីលធម៌មួយចំនួនពីក្លិបអ្នកកាសែតកម្ពុជាប៉ុណ្ណោះ ដើម្បីឲ្យសាធារណជន ក៏ដូចជា អ្នកសារព័ត៌មានគ្រប់រូបបានដឹង ចៀសវាងការបង្កភាពចលាចល អនាធិប្បតេយ្យ និងប៉ះពាល់ដល់កិត្តិយសអ្នកសារព័ត៌មានផ្សេងទៀតនៅកម្ពុជា។ អ្នកសារព័ត៌មានគ្រប់រូប គួរប្រកាន់ខ្ជាប់នូវក្រមសីសធម៌វិជ្ជាជីវៈរបស់ខ្លួនជានិច្ច ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
នៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ គេបានឃើញតាមប្រពន្ធផ្សព្វផ្សាយមួយចំនួនតូច បានផ្ដិតរូប ពីសកម្មភាព ដែលគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចុះបង្ក្រាបប្រមូល ស្ត្រីដែលបាន ដើរឈរបក់ដៃ ហៅបុរសៗ ក្នុងសេវាបម្រើផ្លូវភេទ។ អ្នកសារព័ត៌មានខ្លះ គាត់ហាក់បីដូចជាបំពេញតែសិទ្ធិរបស់គាត់ អត់គិតពីសិទ្ធិអ្នកដទៃ តាមរយៈការថតរូបបង្ហោះ ដែលពួកគាត់មិនទាន់មានទោសពីបទល្មើសណាមួយនៅឡើយ។ ឃើញដូច្នេះហើយ ប្រហែលជាលោករដ្ឋមន្ត្រី ក្រសួងព័ត៌មាន ទើសភ្នែក ទើបបញ្ចេញជាសំណេរយ៉ាងខ្លីថា :
ឃើញរាជរដ្ឋាភិបាលចេញគោលការណ៍ជួយទ្រទ្រង់ អ្នកបម្រើសេវាកំសាន្តនានាក៍មានចិត្តរីករាយព្រោះអ្នក ទាំងនោះក៏ជាកោសិកាមួយក្នុងសង្គមកម្ពុជាយើងដែរ ស្រាប់តែឃើញអង្គភាពមួយបញ្ចេញសាច់ដុំចុះចាប់អ្នកបមើ សេវាកំសាន្តឯករាជ្យ (អ្នកបក់ដៃតាមផ្លូវ ) ហើយហៅ កាសែតអត់វិជ្ជាជីវៈមួយចំនួនទៅជួយថតបង្ហោះថែមទៀត ។ មិនដឹងថាបម្រើសេវាទាល់តែមានការចាត់តាំង ឬ មានមេមាន កើយបានរដ្ឋជួយ ហើយអ្នកក្បាលមួយត្រូវមានទោស ឬ មួយ គាត់បារម្ភថាខ្លាចគណបក្សប្រជាជនឈ្នះឆ្នោតច្រើនពេក បរេទសេគេរិះគន់ ?។
សូមជម្រាបថា : អ្នកសារព័ត៌មាន គួរពង្រឹង និងប្រកាន់ខ្ជាប់នូវក្រមសីសធម៌វិជ្ជាជីវៈរបស់ខ្លួនជានិច្ច ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ៕
ដោយ ៖ សិលា