ខេត្តស្ទឹងត្រែង៖ លំនៅឋានមួយកន្លែងត្រូវបានកម្លាំងជំនាញផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ សហការជាមួយរដ្ឋបាលព្រៃឈើថ្នាក់កណ្តាលនិងអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានធ្វើការឆែកឆេររកឃើញនិងបង្ក្រាបរឹបអូសសត្វព្រៃមួយចំនួននិងធ្វើការផាកពិន័យ។
ការចុះឆែកឆេរបង្ក្រាបនោះសមត្ថកិច្ចបានធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២៣នាស្រុកថាឡាបរិវ៉ាត់។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ដោយមានការស៊ើបអង្កេតជនប្រព្រឹត្តជួញដូរសត្វព្រៃ ភ្នាក់ងារអង្កេតបានរាយការណ៍ជូនដល់កម្លាំងជំនាញហើយចុះឆែកឆេរលំនៅឋានមួយស្ថិតនៅក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងប្រទះឃើញសត្វព្រៃរស់និងសំណាកសត្វព្រៃមួយចំនួនផងដែរ។
មន្ត្រីរដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់បានឱ្យដឹងថា ក្រោមការសម្របសម្រួលនីតិវិធីពីលោក ជា សុភ័ក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង កម្លាំងសហការបានចុះបង្រ្កាបការធ្វើសន្និធិសត្វព្រៃនិងសំណាកសត្វព្រៃ រួមមានត្រកួតរស់ចំនួន០១ក្បាលទម្ងន់៤គ.ក្រ. អណ្តើក០១ក្បាលទម្ងន់១.៥គ.ក្រ. និងសំណាកសត្វក្តាន់ញែង០១ក្បាលទម្ងន់១.២គ.ក្រ. ប្រព្រឹត្តឡើងដោយឈ្មោះ ជីម ញ៉ញ ភេទស្រី អាយុ៥៦ឆ្នាំ ។
ក្រោយពីទួលបានការណែនាំពីជំនាញរដ្ឋបាលព្រៃឈើ ឈ្មោះ ជីម ញ៉ញ ភេទស្រី អាយុ៥៦ឆ្នាំ ទទួលស្គាល់ពីទោសកំហុស និងព្រមបង់ប្រាក់ពិន័យអន្តរការណ៍។
ចំណែកសត្វព្រៃរស់ត្រូវបានកម្លាំងជំនាញនាំទៅសង្គ្រោះនៅតំបន់សុវត្ថិភាពផងដែរ៕
ដោយ ៖ ជីវ័ន្ត