ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ ក្នុងដំណាក់កាលយុទ្ធនាការឃោសនាបោះឆ្នោត នឹងផ្អាកសកម្មភាពសំណេះសំណាលជាមួយកម្មករមួយរយៈសិនដើម្បីកុំឲ្យគេរិះគន់ និងផាកពិន័យ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ក្រោយការបោះឆ្នោត សម្ដេច នឹងបន្តចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនី នៅតាមបណ្ដារោចក្រជាបន្តទៀត ខណៈក្នុងដំណាក់កាលយុទ្ធនាការឃោសនាបោះឆ្នោតសម្ដេចនឹងផ្អាកសកម្មភាពនានាមួយរយៈសិន កុំឲ្យគេរិះគន់ និងផាកពិន័យ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខកម្មករ កម្មការិនី នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ។ 

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដែលសម្តេចចុះសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនីនៅតាមបណ្តារោងចក្រនានាដោយផ្ទាល់នាពេលបន្តបន្ទាប់នេះ គឺគ្មានអ្វីក្រៅពីពិនិត្យវឌ្ឍនភាពនៅតាមរោងចក្រ សួរសុខទុក្ខ និងរកដំណោះស្រាយជូនដល់បងប្អូនកម្មករ -កម្មការិនីឱ្យបានឆាប់រហ័ស ។ 

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏ បានបន្ដអំពាវនាវឲ្យរួមគ្នាធ្វើយ៉ាងណា កុំឲ្យរោងចក្រមានជម្លោះ មានបងតូចបងធំ និងគ្រឿងញៀន ដោយត្រូវរួមគ្នា ឲ្យរោងចក្រក្លាយជាសហគមន៍សុខសាន្ដ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ពូ នៅតែនិយាយគ្រប់ទីកន្លែង អ្វីដែលជាសំណូមពរ ហើយវាមិនមែនជាសំណូមពរហួសហេតុ គឺចង់រោងចក្រមួយ ក្លាយទៅជាសហគមន៍សុខសាន្ដមួយ  ធ្វើយ៉ាងម្ដេចកុំឲ្យរោងចក្រ មានការប្រើប្រាស់គ្រឿងញៀន, ចែកចាយគ្រឿងញៀន, បងតូចបងធំ និងកុំឲ្យមានជម្លោះ»។

បន្ថែមពីនោះទៀត សម្ដេតេជោ ហ៊ុន សែន បានប្រាប់ថា បើសិនជាមានជម្លោះណាមួយកើតឡើង នៅក្នុងរោងចក្រ គឺត្រូវតែរកវិធីដោះស្រាយភ្លាមៗ ដើម្បីធ្វើយ៉ាងម្ដេចកុំឲ្យជម្លោះនេះ ក្លាយទៅជាការខូតខាត នូវផលប្រយោជន៍រួម។

សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រាប់ដល់ម្ចាស់រោងចក្រទាំងអស់ ត្រូវយកចិត្ដទុកដាក់ ចំពោះសុខទុក្ខកម្មករ និងចំពោះកម្មករ ត្រូវយកចិត្ដទុកដាក់លើការងារ ដើម្បីទទួលបានផ្ដល់ប្រយោជន៍ទាំងអស់គ្នា ៕

ដោយ ៖ សិលា


ចែករំលែក៖