ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលក្រុងប៉ោយប៉ែតបានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៣ តាមបណ្តាសង្កាត់ ក្នុងក្រុងប៉ោយប៉ែត

ចែករំលែក៖

 ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលក្រុងប៉ោយប៉ែតបានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត អាណត្តិទី៣ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ជាក់ស្ដែងនៅសៀលថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២៣នេះនៅក្នុងផ្សារបុរីសុខស្រេង ក្នុងភូមិមិត្ត សង្កាត់ប៉ោយប៉ែតបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់បានដឹកនាំដោយលោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សា និងលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងមានការចូលរួមលោក-លោកស្រី សមាជិកាក្រុមប្រឹក្សា លោកនាយករដ្ឋបាល លោក លោកស្រីប្រធាន ការិយាល័យ អង្គភាព ពាក់ព័ន្ធនានាក្នុងក្រុង តំណាងកងកម្លាំងទាំង៣ នាយកទីចាត់ការ និងប្រធាន អង្គភាពនានាចំណុះក្រុង ចៅសង្កាត់ មេភូមិ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប ។

នៅក្នុងវេទិកាខាងលើនោះពលរដ្ឋបានលើឡើងនៅសំណូមពរដល់គណៈកម្មាការរួមមាន ៖

-ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព (បញ្ហាគ្រឿងញៀន ចរាចរណ៍)

-ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ

-ការរៀបចំសណ្តាប់ធ្នាប់សាធារណ: និងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ

-បញ្ហាប្រឈមនានាក្នុងក្រុង

-ការធ្វើអត្តសញ្ញាណប័ណ្ណ ការងារអត្រានុកូលដ្ឋាន បរិស្ថានអនាម័យ  និងវិវាទដីធ្លីជាដើម។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតមានប្រសាសន៏ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង បានផ្តល់ឱកាស ដល់ក្រុមប្រឹក្សាគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចចូលរួមក្នុងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលក្រុង ផ្តល់នូវអនុសាសន៍ និងសំណូមពរនានា សម្រាប់ការពិភាក្សា និងតាមរយ:ការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយ ឲ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាព និងការកាត់បន្ថយភាពក្រីក្រ ។

ជាមួយនេះ សាន ស៊ានហូ ប្រធានក្រុមប្រឹក្សា និងលោក គាត ហ៊ុល អភិបាលក្រុង ក៏បានឆ្លើយបំភ្លឺ និងដោះស្រាយនូវសំណូមពរ របស់ពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹង យន្តការ បង្កើនប្រសិទ្ធភាព តម្លាភាព ជាមួយប្រជាពលរដ្ឋព្រមទាំងលើកកម្ពស់គោលការណ៍ នៃការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ៕

ក្នុងនោះលោកក្រុមប្រឹក្សាក្រុងប៉ោយប៉ែតសាន ស៊ានហូ បញ្ជាក់បន្ថែមថាៈក្រុងប៉ោយប៉ែតក៏ត្រូវបានរាជរដ្ឋាភិបាលផ្ដល់ប្រាក់ចំនួន៧៨លានដុល្លារដើម្បីធ្វើប្រព័ន្ធលូរំដោះទឹកជាប្រភេទលូធំៗនាំទឹកចេញពីក្រុងនិងពង្រីកនៅប្រព័ន្ធផ្លូវ ដូច្នេះការអភិវឌ្ឍគីជាជំហានៗ មានសន្តិភាពទើបមានការអភិវឌ្ឍ ដូច្នេះទីក្រុងគួរឲ្យចង់រស់នៅ ហើយការពង្រីកមានផល់ប៉ះពាល់កាត់សំយ៉ាបផ្ទះពលរដ្ឋទាំងនេះហើយដែលពលរដ្ឋយើងគួរតែចូលរួមជាមួយក្រុមការងារដើម្បីងាយស្រួល ជាងនេះទៅទៀតលោកក៏សូមអំពាវនាវដល់ពលរដ្ឋទាំងអស់ត្រូវបំពេញកាតព្វកិច្ចទៅបោះឆ្នោតនៅពេលខាងមុខកុំបីអាក់ខាន ដើម្បីឲ្យរាជរដ្ឋាភិបាលយើងអភិវឌ្ឍប្រទេសបន្តទៀត ៕

ដោយ ៖ វណ្ណា


ចែករំលែក៖