ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះយ៉ាងខ្លាំងនៅទីក្រុងកៀវក្នុងពេលប្រមុខដឹកនាំប្រទេសអាហ្វ្រិក ចូលដល់អ៊ុយក្រែន

ចែករំលែក៖

នៅថ្ងៃទី១៦ខែមិថុនា មានករណីផ្ទុះយ៉ាងខ្លាំងពីរលើកក្នុងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន ក្នុងពេលដែលគណៈប្រតិភូអាហ្វ្រិកបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ក្នុងគោលដៅស្វែងរកសន្តិភាពបញ្ចប់សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន។
សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣បានឱ្យដឹងថា ការិយាល័យប្រធានាធិបតីអាហ្វ្រិកខាងត្បូងបានឲ្យដឹងថា លោក ស៉ីរីល រ៉ាម៉ាហ្វូសា (Cyril Ramaphosa) បានទៅដល់អ៊ុយក្រែនហើយនៅថ្ងៃសុក្រនេះ ដែលជាផ្នែកមួយនៃបេសកកម្មសន្តិភាពរបស់អាហ្វ្រិក។
តាមរយៈវីដេអូដែលបង្ហោះដោយការិយាល័យប្រធានាធិបតីអាហ្វ្រិកខាងត្បូង បន្ទាប់ពីធ្វើដំណើរឆ្លងកាត់ប្រទេសប៉ូឡូញ លោក រ៉ាម៉ាហ្វូសា បានទៅដល់អ៊ុយក្រែនតាមរថភ្លើងក្នុងតំបន់ប៊ូចា (Bucha) ក្បែររដ្ឋធានីកៀវ។ លោក រ៉ាម៉ាហ្វូសា ត្រូវបានរំពឹងថា នឹងជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅថ្ងៃសុក្រនេះ ហើយបន្ទាប់មកលោកនឹងបន្តដំណើរទៅកាន់ប្រទេសរុស្ស៉ីដើម្បីពិភាក្សាជាមួយប្រធានាធិបតី លោក វ្ល៉ាឌីមៀរ ពូទីន ក្នុងទីក្រុងសាំង ផេតធឺស្បឺគ (St Petersburg) នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។
បើតាមសេចក្តីព្រាងឯកសារ បេសកកម្មសន្តិភាពនេះអាចស្នើឡើងជាបន្តបន្ទាប់ដើម្បី «វិធានការកសាងទំនុកចិត្ត» ក្នុងអំឡុងពេលកិច្ចខិតខំប្រឹងប្រែងលើកដំបូង ចំពោះការព្យាយាមជួយសម្រុះសម្រួលនេះ។ គោលបំណងនៃបេសកកម្មគឺ «លើកកម្ពស់សារៈសំខាន់នៃសន្តិភាព និងលើកទឹកចិត្តដល់ភាគីឱ្យយល់ព្រម ចំពោះដំណើរការចរចាខាងផ្នែកការទូត»។
រួមដំណើរដោយប្រធានាធិបតីសេណេហ្គាល់ លោក ម៉េកគី សល (Macky Sall) លោក រ៉ាម៉ាហ្វូសា កំពុងដឹកនាំគណៈប្រតិភូដែលរួមទាំងមេដឹកនាំអាហ្រ្វិក៣ទៀត គឺប្រទេសហ្សំប៊ី កូម៉ូរ៉ូ និងអេហ្ស៉ីប៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ TTXVN-VNA


ចែករំលែក៖