ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង រៀបចំពិធីប្រជុំបើកកិច្ចសវនកម្មផ្ទៃក្នុង នៅអគ្គស្នងការដ្ឋាននគរបាលជាតិ

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំពិធីប្រជុំបើកកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង តំណាងដ៏ខ្ពង់ខ្ពស់ លោក ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ឯក ឡោ សុឡេង  អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ លោក លោកស្រី គណៈប្រតិភូសវនកម្មផ្ទៃក្នុង និងលោក លោកស្រី ប្រធានអង្គភាពពាក់ព័ន្ធក្រោមចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។

ជាកិច្ចចាប់ផ្តើម លោក អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃ មានមតិស្វាគមន៍ដែលមានសេចក្ដីសោមនស្សរីករាយ និងជ្រាលជ្រៅបំផុតចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមក្នុងពិធីប្រជុំបើកការងារសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ។

ជាកិច្ចបន្ត លោក អគ្គនាយក បានថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងការចង្អុលបង្ហាញផ្ទាល់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលតែងតែដាក់ចេញនៅយន្តការកែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ក្នុងនោះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ប្រព័ន្ធលើកទឹកចិត្តនានា។ ឯកឧត្តម អគ្គនាយក បានលើកឡើងពីតួនាទីរបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង លើការពង្រឹងអភិបាលកិច្ច និងសុចរិតភាពនៃការគ្រប់គ្រងបុគ្គលិកមន្រ្តីរាជការ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងជនជាប់ឃុំ។ 

បន្ថែមលើសពីនេះទៀត លោក បានផ្តល់អនុសាសន៍ណែនាំដល់អង្គភាពដែលពាក់ព័ន្ធ ជាពិសេសមន្ដ្រីជំនាញ ឱ្យសហការជាមួយក្រុមគណៈប្រតិភូសវនកម្មផ្ទៃក្នុង ដើម្បីពិនិត្យទៅលើការដំឡើងឋានន្តរស័ក្តិមន្រ្តីនៅក្នុងអង្គភាព ដែលបានបំពេញភារកិច្ចបានល្អត្រូវមានការលើកទឹកចិត្ត និងពិនិត្យមើលមន្ត្រីដែលឡើងឋានន្តរស័ក្កិខុសពីនីតិវិធីច្បាប់ ជៀសវាងការតែងតាំងមុខតំណែងដំឡើងឋានន្តរស័ក្តិ គ្មានគោលការណ៍ច្បាស់លាស់ ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធលើកទឹកចិត្ត មានការថ្នាំងថ្នាក់ និងបាត់បង់ឆន្ទះក្នុងការបំពេញភារកិច្ច នាំឱ្យបាត់បង់ដំណើរការជោគជ័យរបស់អង្គភាព។ 

ឆ្លៀតក្នុងឱកាសនោះ លោក បានជំរុញណែនាំដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវខិតខំយកចិត្តទុកដាក់បំពេញភារកិច្ច អស់ពីកម្លាំងកាយចិត្ត ដោយស្មារតីទទួលខុសត្រូវ ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ដែលជាការដឹកនាំយ៉ាងមុតមាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព លើបទល្មើសនានានៅមូលដ្ឋាន។

      ជាកិច្ចបញ្ចប់ លោក ឧត្តមសេនីយ៍ឯក អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ឧត្តមសេនីយ៍ឯក ឡោ សុ ឡេង  តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ  លោក លោកស្រី ក្នុងអង្គប្រជុំទាំងមូលដែលបានចំណាយពេលដ៏មានតម្លៃក្នុងការបើកកិច្ចសវនកម្មផ្ទៃក្នុងក្រោមបរិយាកាសស្និទ្ធស្នាល និងរីករាយ៕

ដោយ ៖ សហការី


ចែករំលែក៖