ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការនគរបាលខេត្តកំពត ៖ ក្រុមហ៊ុនពិភពដីមាសហ៊ានចេញសេចក្តីថ្លែងការបន្ទាន់ អញ្ចឹងថ្ងៃទី ២៦ខែមិថុនា២០២៣នេះក៏ត្រូវហ៊ានមកបំភ្លឺអោយសមត្ថកិច្ចយើងខ្ញុំផង !

ចែករំលែក៖

ភ្នំពេញ ៖ អង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានចេញសេចក្តីបំភ្លឺព័ត៌មាន មួយ ជាបន្ទាន់ ដោយបញ្ជាក់ថា : ស្នងការដ្ឋាននគរបាលខេត្តកំពត បានឃើញនូវការចេញសេចក្តីថ្លែងការណ៍បន្ទាន់ របស់ក្រុមហ៊ុន ពិភពដីមាស អុិនវេសម៉ិន ឯ.ក លិខិតលេខ ៣៨៨/២៣ ក.ព.ម ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៣ ដែលបាន ចោទប្រកាន់មកលើការអនុវត្តនីតិវិធីរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ប្រសិនបើក្រុមហ៊ុនមានគោលជំហរ ច្បាស់លាស់ក្នុងការដោះស្រាយជាមួយប្រជាពលរដ្ឋ ហេតុអ្វីពាក្យបណ្ដឹងនៅតែបន្តកើនឡើងជាបន្តបន្ទាប់ ។

ជុំវិញករណីនេះស្នងការដ្ឋាននគរបាលខេត្ត សូមបំភ្លឺជូនដូចខាងក្រោម៖ គិតត្រឹមថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២៣ យើងបានទទួលបណ្ដឹងពីប្រជាពលរដ្ឋរស់នៅខេត្តកំពត ចំនួន ៣២៣ បណ្តឹង សរុបទឹកប្រាក់ ដែល បានវិនិយោគជាមួយក្រុមហ៊ុនមានចំនួន ៦.១៦២.៧០០ដុល្លារ (ប្រាំមួយលានមួយសែនប្រាំមួយម៉ឺនពីរពាន់ ប្រាំពីររយដុល្លារ)។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន ពិភពដីមាស អុិនវេសម៉ិន ឯ.ក ដែលបានចោទប្រកាន់មក លើអង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពត ថាជាដើមចមបង្កឱ្យមានវិវាទរវាងក្រុមហ៊ុន ជាមួយប្រជាពលរដ្ឋ ដែលជារឿងហួសចិត្តបំផុត ហេតុអ្វីបានជាក្រុមហ៊ុនចង់ទម្លាក់កំហុសមកស្ថាប័នដែលជាអ្នកអនុវត្តច្បាប់ ទៅវិញ? ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ដែលមានតួនាទីការពាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គមយើងខ្ញុំ មិនមានចេតនាក្នុងការរារាំងដល់ដំណើរការអាជីវកម្មស្របច្បាប់ចំពោះក្រុមហ៊ុនណាមួយឡើយ ។

តាមការបញ្ជាក់ទាំងទឹកភ្នែករបស់ប្រជាពលរដ្ឋ គឺក្រុមហ៊ុនបានព្រមព្រៀងនឹងផ្តល់អត្ថប្រយោជន៍ជូន ពួកគាត់ដោយមានកិច្ចសន្យា (កុងត្រា) ប៉ុន្តែក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះ ក្រុមហ៊ុនមិនបានគោរព តាមកិច្ចសន្យា ពោលគឺមិនបានផ្តល់អត្ថប្រយោជន៍ជូនប្រជាពលរដ្ឋដែលជាអតិថិជនរបស់ក្រុមហ៊ុន ជាហេតុ នាំឱ្យប្រជាពលរដ្ឋបីរយជាងគ្រួសារ (ស្មើ៣២៣បណ្ដឹង) បានឡើងមកជួបឯកឧត្តម អភិបាលខេត្ត និងមក ដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីស្នើសុំអន្តរាគមន៍ព្រោះប្រជាពលរដ្ឋក្នុងម្នាក់ៗ អស់ ថវិការាប់ម៉ឺនដុល្លារដែលយកទៅវិនិយោគនោះ គឺពួកគាត់ទាំងអស់បានកម្ចីពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗ ។ ដូចនេះស្នងការដ្ឋាននគរបាលខេត្តចាំបាច់ត្រូវចាត់ការតាមនីតិវិធី មិនដូចការលើកឡើងរបស់ ក្រុមហ៊ុនពិភពដីមាស អុិនវេសម៉ិន ឯ.ក ដែលចោទថាមិនចេះស្តាប់ហេតុផល គ្មានគុណធម៌មកលើក្រុមហ៊ុននោះទេ ។

ជាចុងក្រោយស្នងការដ្ឋាននគរបាលខេត្តកំពត សូមបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ថាស្ថាប័នយើងខ្ញុំជាអ្នកបង្កផលរំខានដល់ការដោះស្រាយវិវាទរវាងក្រុមហ៊ុន ជាមួយអតិថិជនរបស់ខ្លួន។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបង្ហោះលើ facebook ថា : ( ក្រុមហ៊ុនពិភពដីមាស ស្អែកអាចដាក់ពាក្យបណ្តឹងមកលើរូបខ្ញុំបាន តែកុំភ្លេចថ្ងៃទី 26.06.23 ឡើងមកបំភ្លឺបណ្តឹងរបស់ប្រជាពលរដ្ឋខ្ញុំ) , លោកបន្តទៀតថា , (ក្រុមហ៊ុនពិភពដីមាសហ៊ានចេញសេចក្តីថ្លែងការបន្ទាន់ អញ្ចឹងថ្ងៃទី 26.06.23 នេះក៏ត្រូវហ៊ានមកបំភ្លឺអោយសមត្ថកិច្ចយើងខ្ញុំផង ! ) ។ លោកស្នងការបានលើកឡើងថា ; (ក្រុមហ៊ុនពិភពដីមាសស្នើសុំថ្នាក់ដឹកនាំពិនិត្យបញ្ហាសតិអារម្មណ៍របស់ខ្ញុំ ពាក់ព័ន្ធខ្ញុំដំណើរការនីតិវិធីលើបណ្តឹងរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពត ២៥៩ គ្រួសារ ដែលបានដាក់ទុនវិនិយោគជាមួយក្រុមហ៊ុនជិត ៥ លានដុល្លារ។ បើខ្ញុំមានបញ្ហាសតិអារម្មណ៍គឺដោយសារការអាណិតប្រជាពលរដ្ឋដែលត្រូវរងគ្រោះដោយសារក្រុមហ៊ុនពិភពដីមាសនេះឯង) ៕ 

ដោយ ៖ សុខ ខេមរា


ចែករំលែក៖