ខេត្តព្រៃវែង ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកសមាជិកាបក្ស នៅក្នុងឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង នាថ្ងៃសៅរ៍ទី១៧ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍បានអរគុណដល់សមាជិក សមាជិកា របស់បក្សទាំងអស់ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យឈ្នះលើសលុបនាឆ្នាំ២០២២។
នាយឧត្តមសេនីយ៍ក៏បានលើកឡើងពីវីរភាពនិងការលះបង់អាយុជីវិតរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបុព្វហេតុរំដោះជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត និងបន្តស្វែងរកសន្តិភាពជូនប្រទេសជាតិតាមរយៈនយោបាយឈ្នះឈ្នះ។ សម្តេចតេជោ បាននាំយើងឱ្យរួចផុតពីជ្រោះមរណៈនៃជំងឺរាតត្បាតកូវីដ-១៩ ហើយសម្តេចបានដឹកនាំប្រទេសជាតិឱ្យមានការអភិវឌ្ឍនិងរីកចម្រើនរហូតដល់សព្វថ្ងៃ ជាពិសេស សម្តេចបានលើកមុខមាត់ប្រទេសកម្ពុជាឱ្យពិភពលោកបានកោតសរសើរ និងស្ងប់ស្ងែង តាមរយៈភាពជោគជ័យដ៏ត្រចះត្រចង់នៃការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងប៉ាអាហ្គេមលើកទី១២។
ចំពោះគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ដែលត្រូវបានគ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញបដិសេធមិនចុះបញ្ជីឈ្មោះចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ មិនមែនជាកំហុសរបស់គណបក្សប្រជាជនទេ គឺជាកំហុសផ្នែករដ្ឋបាលរបស់គណបក្សរបស់ខ្លួនឯងពិតប្រាកដ។ ដូច្នេះពួកគេត្រូវទទួលកំហុសចំពោះគណបក្សដោយខ្លួនឯង ហើយមិនត្រូវទំលាក់កំហុសមកលើគណបក្សប្រជាជនកម្ពុជាទេ។
ជាទីបញ្ចប់ នាយឧត្តមសេនីយ៍ បានអំពាវនាវឱ្យសមាជិក សមាជិការបស់គណបក្សប្រជាជនទាំងអស់ ក៏ដូចជាគណបក្សដទៃ អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់គ្នា និងសូមឱ្យគណបក្សប្រជាជនមានការរាប់អានគណបក្សដទៃដូចប្រជាជនទាំងមូល។ មានតែគណបក្សប្រជាជនទេ ដែលអាចការពារបាននូវសន្តិភាព មានសន្តិភាពក៏ដោយសារគណបក្សប្រជាជន មានគណបក្សប្រជាជនទើបមានសន្តិភាព៕
ដោយ ៖ សិលា