ព័ត៌មានទាន់ហេតុការណ៍៖

លោក បណ្ឌិត ហ៊ុន ម៉ាណែត ៖ “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់” ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់គណបក្សក្នុងការបម្រើជាតិ និងប្រជាជនឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវ

ចែករំលែក៖

ភ្នំពេញ  “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់” ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់គណបក្សក្នុងការបម្រើជាតិ និងប្រជាជនឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវ។

នេះជាសម្រង់ប្រសាសន៍សំខាន់ៗរបស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសាស្រ្តាចារ្យ នៃគ្រឹះស្ថានឧត្តមសិក្សាសាធារណៈក្នុងរាជធានីភ្នំពេញ នៅស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា វិមាន ៧ មករា នៅថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣ ។ 

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា, ៖  សូមអរគុណចំពោះថ្នាក់ដឹកនាំ, សាស្ត្រាចារ្យ និងមន្រ្តីគ្រប់ជាន់ថ្នាក់នៃគ្រឹះស្ថានឧត្តមសិក្សាសាធារណៈក្នុងរាជធានីភ្នំពេញទាំងអស់ ដែលបានព្យាយាមអស់ពីកម្លាំងកាយចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពអប់រំកម្រិតឧត្តមសិក្សា ក្នុងរយៈកាលកន្លងមក និងសូមវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគណបក្សនៅតាមក្រសួង-ស្ថាប័ន និងគណៈកម្មាធិការគណបក្សមូលដ្ឋានទាំងអស់ ដែលបានអនុវត្តភារកិច្ចការងារយ៉ាងខ្ជាប់ខ្ជួន ជាពិសេសក្នុងការពង្រឹង និងពង្រីករចនាសម្ព័ន្ធ ក៏ដូចជាការជំរុញការកសាងសមាជិកបក្សនៅក្នុងជួរសាស្ត្រាចារ្យ, បុគ្គលិកអប់រំ, គរុសិស្ស និងនិស្សិត ព្រមទាំងការចលនាសកម្មជនយុវជនគណបក្ស ដើម្បីចូលរួមក្នុងយុទ្ធនាការ និងព្រឹត្តិការណ៍សំខាន់ៗរបស់គណបក្ស។ 

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា : ដើម្បីទទួលបានការគាំទ្ររបស់ប្រជាពលរដ្ឋ, គណបក្សដាក់ចេញនូវគោលនយោបាយបម្រើប្រជាពលរដ្ឋ ហើយគោលនយោបាយនេះ នឹងក្លាយទៅជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងករណីដែលគណបក្សទទួលបានជោគជ័យនៅក្នុងការបោះឆ្នោត។ ក្នុងន័យនេះ,គណបក្ស ជាយន្តការដែលប្រជាពលរដ្ឋប្រើប្រាស់ដើម្បីសម្រេចនូវបំណងប្រាថ្នារបស់ខ្លួន គឺការរស់នៅប្រកបដោយសេចក្តីសុខ និងការអភិវឌ្ឍ ទាំងចំពោះប្រជាពលរដ្ឋជាបុគ្គលម្នាក់ៗ, សង្គមគ្រួសារ និងប្រទេសជាតិទាំងមូល។

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា,  ក្នុងនាមជាសមាជិកបក្ស, យើងត្រូវរួមគ្នាក្នុងនាមជាកម្លាំងប្រតិបត្តិករ ដើម្បីរួមចំណែកគាំទ្រ និងអនុវត្តបុព្វហេតុដ៏ត្រឹមត្រូវរបស់បក្ស សំដៅធ្វើយ៉ាងណារក្សាប្រៀបឈ្នះរបស់គណបក្ស ដែលនឹងបន្តរែកពន់អម្រែកភារកិច្ចបម្រើជាតិ និងប្រជាជន តទៅមុខទៀត ខណៈដែលគណបក្សយើងបានកសាងសមិទ្ធផលធំៗជាច្រើនជូនជាតិ ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន ហើយក៏មានចក្ខុវិស័យវែងឆ្ងាយសម្រាប់អនាគត។ គណបក្សប្រជាជនកម្ពុជា មិនមែនជាគណបក្សល្អឥតខ្ចោះនោះទេ ហើយគណបក្សបានធ្វើការកែទម្រង់ជាប់ជាប្រចាំ ជាពិសេសការខិតខំកែលម្អចំណុចខ្វះខាតតាមរយៈការដាក់ចេញនូវអភិក្រមទាំង ៥៖ “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់” ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់គណបក្សក្នុងការបម្រើជាតិ និងប្រជាជនឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវ។

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ ថា , ដូចនេះ ដើម្បីបន្តនូវបុព្វហេតុដ៏ត្រឹមត្រូវ និងបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់បក្ស, ក្នុងនាមជាយុវជនបក្ស និងជាសកម្មជន យើងមានភារកិច្ចសំខាន់ ៣ គឺ៖ ទី១. ថែរក្សាឱ្យបាននូវរាល់សមិទ្ធផលវិជ្ជមានដែលយុវជនជំនាន់រៀមច្បងបានកសាងឡើង និងបន្សល់ទុកឱ្យ, ទី២. ពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមទៀតឱ្យកាន់តែល្អប្រសើរ និង ទី៣. រួមគ្នាកសាងមូលដ្ឋានឱ្យបានរឹងមាំ ដើម្បីផ្ទេរទៅឱ្យយុវជនជំនាន់ក្រោយៗទៀត ៕

ដោយ ៖ សិលា


ចែករំលែក៖