ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីនឹងបង្កើនការផលិតរថក្រោះ សម្រាប់សង្រ្គាមនៅអ៊ុយក្រែន

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣បានចុះផ្សាយថា រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) នៅថ្ងៃសៅរ៍នេះបានស្នើឱ្យផលិតរថក្រោះបន្ថែម ដើម្បីបំពេញតម្រូវការរបស់ទាហានរុស្ស៉ី នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីទីក្រុងកៀវបើកប្រតិបត្តិការវាយបកដោយប្រើអាវុធលោកខាងលិច។
លោក សយហ្គូ ធ្វើការកត់សម្គាល់បែបនេះ នាឱកាសដែលលោកបំពេញទស្សនកិច្ចទៅកាន់រោងចក្រផលិតអាវុធមួយកន្លែងក្នុងតំបន់ស៊ីបេរី ហើយក៏បានសង្កត់ធ្ងន់ផងដែរពីតម្រូវការចាំបាច់ក្នុងការបង្កើនការផលិតរថក្រោះ និងដំឡើងមុខងារសន្តិសុខទំនើបៗសម្រាប់រថពាសដែក។ បើតាមលោក សយហ្គូ វាពិតជាមានសារៈសំខាន់បំផុត ដើម្បីបំពេញតម្រូវការរបស់កងកម្លាំងរុស្ស៉ីដែលកំពុងដឹកនាំការធ្វើប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក។
រុស្ស៉ី ប៉ុន្មានថ្ងៃកន្លងមកនេះបានអះអាងពីជោគជ័យជាបន្តបន្ទាប់ក្នុងការទប់ស្កាត់ការវាយបករបស់អ៊ុយក្រែន ប៉ុន្តែទីក្រុងកៀវក៏បានអះអាងពីជ័យជម្នះដែរ នូវការដណ្ដើមបានទឹកដីមួយចំនួនមកវិញ ក្នុងនោះរួមមានទាំងការវាយយកបានទឹកដី ១០០គីឡូម៉ែត្រក្រឡា នៅក្នុងតំបន់ភាគខាងត្បូង៕ ដោយ៖ ធីរីណា

រូប​ថត​៖ GD&TĐ


ចែករំលែក៖