ភ្នំពេញ ៖ សុភាពនារីជាច្រើន តែងតែចង់ស្អាត អោយមានសម្រស់ស្រស់សោភាផូផង់ អ្នកខ្លះមានអំណោយទានពីកំណើត ស្អាតលក្ខណៈធម្មជាតិ រក្សាបាន ទាំងសុខភាព សាច់ឈាមរូបរាងកាយ ។ អ្នកខ្លះទៀត ស្អាតដែរប៉ុន្តែ គាត់ព្យាយាមថែរក្សាសម្ផស្សរបស់គាត់ ដោយវិធីផ្សេងៗ ទៅតាមការ ទទួលទានអាហារ ផ្លែឈើ មានកម្រិត ឬហាត់ប្រាណ តាមការណែនាំរបស់គ្រូពេទ្យ ដែលមានជំនាញបច្ចេកទេសច្បាស់លាស់ ។ ចំណែកសុភាពនារីមួយចំនួនផ្សេងទៀត ពួកគាត់ងាយគ្រោះថ្នាក់បំផុត នៅពេលដែលសម្រេចចិត្តកែសម្ផស្ស ចង់ស្អាត រក្សាសម្រស់ ដើម្បីក្តីស្រឡាញ់ខ្លួនឯង និងផ្គាប់ចិត្តគូកំណាន់របស់ខ្លួន ប៉ុន្តែគាត់មិនបានគិតវែងឆ្ងាយ ប្រថុយប្រថាន ទៅវះកាត់ ចាក់ថ្នាំ ដែលពុំបានសិក្សាពីប្រវត្តិគ្រូពេទ្យទាំងនោះ ក៏ប្រឈមបញ្ហាគ្រោះថ្នាក់ដល់រូបរាង្គកាយ ប៉ះពាល់សុខភាពធ្ងន់ធ្ងរ ចង់ស្អាត ចង់សម្រកសាច់ខ្លាញ់ក្បាលពោះ ! ទីបំផុត ជួបឧបសគ្គ ប្រតិកម្មថ្នាំ បណ្ដាលឱ្យមានស្នាមដំបៅ ឈឺចុកចាប់ ពួកគាត់កាន់តែបាត់បង់សម្រស់ ហើយបន្សល់ទុកនូវតែពាក្យសោកស្ដាយ ។ ដើម្បីរំសាយចិត្តពីកង្វល់នេះ ជនរងគ្រោះមួយចំនួន ក៏បានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដើម្បីប្រាប់ដល់សុភាពនារីដទៃទៀត កុំឱ្យគ្រោះថ្នាក់ដូចពួកគាត់។
សូមបញ្ជាក់ថា : បើចង់ស្អាត ចង់សម្រកក្បាលពោះ និងរាងស្លីម មានតែ ២ វិធី៖
– ហាត់ប្រាណ និងរបបអាហារត្រឹមត្រូវ។
– វះកាត់កែសម្ផស្សនៅមន្ទីរពេទ្យតាមស្តង់ដាររបស់ក្រសួងសុខាភិបាល។
លើសពីនេះ វាមិនត្រូវបានអនុញ្ញាតឱ្យចាក់សារធាតុមួយចំនួនធំមិនស្គាល់ប្រភពដើមចូលទៅក្នុងខ្លួនក្នុងគោលបំណងកាត់បន្ថយខ្លាញ់ក្បាលពោះ ឬខ្លាញ់ក្នុងខ្លួននោះឡើយ!
សូមប្រុងប្រយ័ត្ន មុននឹងអនុវត្តសេវាកម្មណាមួយ!!!
ខាងក្រោមនេះគឺ P/S : រូបភាពរបស់អតិថិជនដែលជួបប្រទះនូវផលវិបាកនៃការរលាកពាសពេញរាងកាយ នៅពេលចាក់រំលាយជាតិខ្លាញ់ច្រើន។
សង្ឃឹមថា : សុភាពនារី អាចជៀសផុតពីគ្រោះថ្នាក់បែបនេះ ប្រសិនបើមានការពិចារណាបានល្អិតល្អន់ ៕
ដោយ ៖ សិលា