ខេត្តបាត់ដំបង៖ ពិធីបិទការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ប្រចាំឆ្នាំ ២០២៣ បានប្រព្រឹត្តទៅ បន្ទាប់ពីដំណើរការអស់រយៈពេល ១សប្តាហ៍កន្លងមកនេះ ដែលមានសិស្សចូលរួមប្រឡងចំនួន៤៨០នាក់ នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់កិត្តិយសអញ្ជេីញជាគណៈអធិបតី ព្រមទាំងចូលរួមអបអរសាទរ និងលេីកទឹកចិត្តបេក្ខជនទាំងអស់។ ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ បានអបអរសាទរជាមួយជ័យលាភីទាំង ៦០រូបជាសិស្សពូកែទូទាំងប្រទេស ព្រមទាំងបេក្ខជនទាំងអស់ដែលបានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ និងបានឆ្លងកាត់នូវបទពិសោធន៍មួយទៀត ក្នុងវ័យជាសិស្សនៅកម្រិតចំណេះទូទៅ និងជាសិស្សពូកែ។
លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ការត្រឹមតែមានចំណេះដឹងតែម្យ៉ាង មិនគ្រប់គ្រាន់នោះ ធនធានមនុស្សចាំបាច់ត្រូវមានវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ដេីម្បីក្លាយជាពលរដ្ឋល្អ។ ក្មួយៗជាសិស្សពូកែ និងជាជ័យលាភីនៅថ្ងៃនេះ នឹងក្លាយជាធនធានបញ្ញាវន្តសម្រាប់ពេលអនាគតរបស់កម្ពុជា ស្របពេលដែលប្រទេសយើងកំពុងត្រូវការនូវមូលធនមនុស្សជាចាំបាច់ ដើម្បីធ្វើការអភិវឌ្ឍប្រទេស ឱ្យកាន់តែរីកចម្រើន ជាពិសេសស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា បដិវត្តឧស្សាហកម្មជំនាន់ទី៤ និងសេដ្ឋកិច្ចឌីជីថល ដែលកំពុងផ្តោតលើបញ្ញាសិប្បនិមិត្ត និងការប្រើប្រាស់មនុស្សយន្ត។ល។
លោករដ្ឋមន្ត្រី បានកោតសរសើរដ៏ស្មោះចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់ លោក លោកស្រី ជាគណៈកម្មការមេប្រយោគគ្រប់លំដាប់ថ្នាក់ លោកអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អាជ្ញាធរពាក់ព័ន្ធ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល និងសប្បុរសជនទាំងអស់ ដែលបានរួមគ្នាជួយកសាងធនធានមនុស្សនៅកម្ពុជា៕
ដោយ ៖ សិលា