ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃអាទិត្យនេះ ! លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល និងគណៈប្រតិភូអម បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់អគារថ្មី នៃមន្ទីរពេទ្យខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ ថ្ងៃអាទិត្យ ១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣​ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងគណៈប្រតិភូអម បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់អគារថ្មី នៃមន្ទីរពេទ្យខេត្តសៀមរាប ស្ថិតក្រោមគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ជូនរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះរួមមាន ការសាងសង់អគារថ្មីមួយខ្នង នៃមន្ទីរពេទ្យខេត្តសៀមរាប ការបំពាក់ឧបករណ៍បរិក្ខារវេជ្ជសាស្រ្ត និងការបណ្តុះបណ្តាល ។ 

គម្រោងនេះត្រូវបានអនុវត្តដោយក្រុមហ៊ុន KONOIKE Construction Co. Ltd. និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន The Consortium of Azusa Sekkei Co. Ltd. and INTEM Consulting Inc.។ អគារថ្មីនេះត្រូវបានសាងសង់លើផ្ទៃដីសរុប ៣៧.៣៨០ម៉ែត្រការ៉េ ដែលមានទំហំអគារសរុប ៨.៣២០ម៉ែត្រការ៉េ មានកម្ពស់៤ជាន់ គិតទាំងជាន់ផ្ទាល់ដី និងមានចំណុះ២០០គ្រែ ដែលបានចាប់ផ្តើមសាងសង់កាលពីខែធ្នូ ឆ្នាំ២០២១ ហើយនឹងបញ្ចប់ការសាងសង់នាចុងខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ។

 អគារថ្មីនេះរួមមាន ផ្នែកសង្រ្គោះបន្ទាន់ ផ្នែកប្រពោធទនកម្ម ផ្នែកសម្រាកពេទ្យ ផ្នែកវះកាត់ ផ្នែករូបភាពវេជ្ជសាស្រ្ត និងផ្នែកគាំទ្រ។ អគារថ្មីនេះនឹងចូលរួមចំណែកបង្កើនប្រសិទ្ធភាព គុណភាព សុវត្ថិភាព ប្រកបដោយសមធម៌ មិនត្រឹមតែប្រជាជននៅខេត្តសៀមរាបទេ តែនឹងគ្របដណ្តប់ប្រជាជននៅជុំវិញខេត្តសៀមរាបផងដែរ ហើយនឹងកាត់បន្ថយបានការបញ្ជូនអ្នកជំងឺទៅភ្នំពេញ។

លោករដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បុគ្គលិកកម្មករទាំងអស់នៃក្រុមហ៊ុន KONOIKE Construction Co. Ltd. និង The Consortium of Azusa Sekkei Co. Ltd. and INTEM Consulting Inc.។ 

លោករដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរដល់ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស ក្រុមហ៊ុនសាងសង់ ព្រមទាំងបុគ្គលិកកម្មករទាំងអស់នៃក្រុមហ៊ុន ដែលបានខិតខំបំពេញភារកិច្ចធ្វើឱ្យគម្រោងអាចអនុវត្តបានតាមកាលវិភាគគ្រោងទុក ទោះបីជាក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ។ 

លោករដ្ឋមន្រ្តី ក៏បានជូនពរដល់លោកតំណាងក្រុមហ៊ុន និងបុគ្គលិកកម្មករទាំងអស់ឱ្យមានសុខភាពល្អ និងបន្តសហការគ្នាឱ្យបានជិតស្និទ្ធ ៕

ដោយ ៖ សិលា


ចែករំលែក៖