កាលពីថ្ងៃទី១៧ ខែសីហា ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានទទួលស្វាគមន៍គណៈប្រតិភូអាហ្វ្រិក នៅទីក្រុង St. Petersburg ស្តីពីទស្សនៈសន្តិភាពសម្រាប់សង្គ្រាមនៅអ៊ុយក្រែន។ មុនពេលទៅកាន់រុស្ស៊ី ប្រមុខដឹកនាំអាហ្វ្រិកបានទៅកាន់ប្រទេសអ៊ុយក្រែន ជួបពិភាក្សាជាមួយប្រធានាធិបតី Volodymyr Zelensky។
ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា ប្រធានាធិបតីប្រទេសអាហ្រ្វិកខាងត្បូងដែលបានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៉ី ក្នុងផ្នែកនៃប្រតិភូមេដឹកនាំទ្វីបអាហ្រ្វិក ក្រោមគោលដៅជួយស្វែងរកសន្តិភាព រវាងទីក្រុងកៀវនឹងទីក្រុងមូស្គូ បានអំពាវនាវកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ទៅកាន់សមភាគីរុស្ស៉ីរបស់លោកថា សង្រ្គាមបង្ហូរឈាមនៅក្នុងប្រទេសអ៊ុយក្រែន ចាំបាច់ត្រូវតែបញ្ឈប់។
ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងសាំងភីតស្បឺគ (Saint Petersburg) ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក ស៉ីរីល រ៉ាម៉ាហ្វូសា (Cyril Ramaphosa) បាននិយាយយ៉ាងដូច្នេះថា «សង្រ្គាមនេះត្រូវតែបញ្ចប់ តាមរយៈកិច្ចចរចាដោយសន្តិវិធី និងមធ្យោបាយការទូត»។ មេដឹកនាំអាហ្រ្វិករូបនេះបានបន្ថែមថា គណៈប្រតិភូរបស់លោកដែលរួមមានមេដឹកនាំនិងមន្រ្តីជាន់ខ្ពស់ មកពីប្រទេសអាហ្រ្វិកមួយចំនួនទៀតចង់ឱ្យសង្រ្គាមអ៊ុយក្រែនត្រូវបិទបញ្ចប់។
ប្រតិភូរបស់លោក Ramaphosa បានដាក់ចេញនូវសំណុំគោលការណ៍១០ចំណុច ដែលរួមមានទាំងការបន្ធូរបន្ថយភាពតានតឹង ការទទួលស្គាល់ចំពោះអធិបតេយ្យប្រទេសនីមួយៗ ការធានាសន្តិសុខសម្រាប់ប្រទេសទាំងអស់ ការនាំចេញគ្រាប់ធញ្ញជាតិដោយគ្មានឧបសគ្គតាមសមុទ្រខ្មៅ ហើយនិងការបញ្ជូនឈ្លើយសឹកនិងកុមារទៅកាន់ប្រទេសដើមរបស់ពួកគេវិញជាដើម។ យ៉ាងណាក្តី វិមានក្រឹមឡាំងបានចាត់ទុកថា គោលការណ៍ទាំងអស់នេះគឺពិបាកក្នុងការអនុវត្តជាក់ស្តែង។ មុនមកដល់រុស្ស៉ី លោក Ramaphosa ក៏បានជួបប្រធានាធីបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ផងដែរ ប៉ុន្តែលោក ហ្សេលេនស្គី បានច្រានចោលនូវលទ្ធភាពចរចាគ្នាជាមួយទីក្រុងមូស្គូ។
បេសកកម្មជួយស្វែងរកសន្តិភាពរបស់តំបន់អាហ្រ្វិកខាងលើ រួមមានប្រធានាធិបតីមកពីអាហ្រ្វិកខាងត្បូង សេណេហ្កាល់ កូម័រ (Comoros) និងហ្សំប៊ី (Zambie) ព្រមទាំងមន្រ្តីជាន់ខ្ពស់មកពីអ៊ូហ្កង់ដា អេហ្ស៉ីប និងកុងហ្គោ៕ ដោយ៖ ធីរីណា