ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជាជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល តំណាងឱ្យមន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ដែលបានរួមចំណែកប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្រោមការដឹកនាំផ្ទាល់ដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះរៀបចំនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមថ្នាក់ដឹកនាំក្រសួងសុខាភិបាល ព្រមទាំង ឯកឧត្តម លោកជំទាវអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ព្រមទាំងលោក លោកស្រី មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល។
សូមបញ្ជាក់ថា : លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជាជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល តំណាងឱ្យមន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តជាច្រើន ជាបន្តបន្ទាប់ ទូទាំងរាជធានី ខេត្ត ។
ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ បានចេញ សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ដោយបញ្ជាក់ថា ៖
-ករណីឆ្លងថ្មី ០៣នាក់
-ករណីជាសះស្បើយ ០៤នាក់
-ករណីស្លាប់ ០នាក់។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,៨៨២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,៧៩៣នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់ ៕
ដោយ ៖ សិលា