ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ជិះម៉ូតូលឿនវ៉ាជែងគេឯងស្រាប់តែដួល​ត្រូវរថយន្តធុនធំបុកអូសជាច្រើនម៉ែត្រ​បណ្ដាលឱ្យស្លាប់ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ​ ៖​ យុវជនម្នាក់បានស្លាប់ក្រោយពីបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីបើកម៉ូតូលឿនវ៉ាជែងបណ្តាលឱ្យដួល ហើយស្របពេលនោះក៏មានរថយន្តធុនធំបើកមកបុកអូសជាច្រើនម៉ែត្រដោយម៉ូតូស្ថិតនៅក្រោមរថយន្ត។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវចោមចៅ ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    ជនរងគ្រោះដែលស្លាប់មានឈ្មោះ ដែន កក្កដា  ភេទប្រុស  អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើសំណង់ ស្នាក់នៅម្តុំចំការដូង មានស្រុកកំណើតនៅភូមិទួលព្រហ្ម២ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបងជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ស ពាក់ផ្លាក លេខបាត់ដំបង1AE-8086ជិះតែម្នាក់ឯង។ ចំណែកឯរថយន្តធុនធំ ហៅរថយន្តភ្លៅ៣ ក្បាលពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ3A-3598 និងកន្ទុយខាងក្រោយពាក់ផ្លាកលេខ ភ្នំពេញ4A-2835 អ្នកបើកបរត្រូវបានឃាត់ខ្លួន។

    យោងតាមប្រភពពីនាក់ធ្វើដំណើរដែលឃើញហេតុការណ៍បានប្រាប់ឱ្យដឹងថាដំបូងឡើយគាត់ឃើញយុវជនម្នាក់ជិះម៉ូតូហុងដាឃ្លីកបើកតាមបណ្ដោយផ្លូវចោមចៅក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿនបានវ៉ាជែងនឹងម៉ូតូជាច្រើនគ្រឿងហើយក៏ចាប់ហ្វ្រាំងបណ្ដាលឱ្យដួលដែលស្របពេលនោះក៏មានរថយន្តធុនធំបើកមកពីក្រោយបុកនិងអូសជាច្រើនម៉ែត្របណ្ដាលឱ្យស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ។ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើករថយន្តយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ដើម្បីបន្តតាមនីតិវិធី។

    ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកវាស់វែងយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលរាជធានីភ្នំពេញ។ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់សពឲ្យសាច់ញាតិដឹកទៅស្រុក កំណើតធ្វើបុណ្យតាមប្រពៃណី៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖